ភ្នំពេញ ៖ បុរសជាជាងបាញ់ថ្នាំឈើម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងជាងជួសជុលទូរស័ព្ទយ៉ាងតឹងសរសៃក រហូតផ្ទុះជាអំពើហិង្សាទាញដំបងឈើជ្រុងវាយសំពងជាងជួសជុលទូរស័ព្ទយ៉ាងពេញទំហឹង បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៤ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យដែលវាយគូទំនាស់បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះគង់ រ័ត្នធី ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅផ្ទះលេខ២៤ ផ្លូវលំ មុខរបរជាងបាញ់ថ្នាំឈើ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះឆែ ភារុណ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានលំនៅផ្ទះលេខ២៤ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (របួសក្បាលចំហៀងខាងស្តាំ)។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនសង្ស័យបានកើតមានទំនាស់ពាក្យសម្តនឹងគ្នាយ៉ាងខ្លាំង រហូតកើតជាការប្រតាយប្រតប់គ្នា ហើយភ្លាមនោះជនសង្ស័យជាជាងឈើបានស្ទុះទៅទាញដំបងឈើជ្រុងវាយសំពងជនរងគ្រោះជាគូទំនាស់ចំក្បាលយ៉ាងពេញទំហឹង បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់តែម្តង និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕