ខេត្តពោធិ៍សាត់ ៖ ស្ត្រីអភ័ព្វម្នាក់ប្រឹងស៊ីឈ្នួលគេទាំងត្រដាបត្រដួសដើម្បីចិញ្ចឹមកូន៥នាក់ ខណៈដែលប្តីកំពុងជាប់នៅក្នុងពន្ធនាគារមិនទាន់ចេញនៅឡើយ លុះរវល់ចេញទៅស៊ីឈ្នួលដករមៀតឱ្យគេ ស្រាប់តែភ្លើងឆេះផ្ទះហ្មត់ និងគ្មានប្រជាពលរដ្ឋ ឬសមត្ថកិច្ចណាជួយទាន់ឡើយ ដោយសារតែផ្ទះស្ត្រីរងគ្រោះស្ថិតនៅឆ្ងាយដាច់ស្រយាលពីភូមិ។
ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរកន្ធាយ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងឈើលាយស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះរិទ្ធិ រិត ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកម្មករ មានកូនចំនួន៥នាក់ (ប្រុស៤ ស្រី១) មានប្តីឈ្មោះពីង កំពុងជាប់ពន្ធនាគារខេត្តពោធិ៍សាត់ទាន់ចេញនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើសព្វថ្ងៃរស់នៅប្រឹងដើរស៊ីឈ្នួលជួលព័ទ្ធកម្លាំងគេដើម្បីរកប្រាក់ចិញ្ចឹមកូនៗដល់ទៅ៥នាក់ ខណៈដែលប្តីកំពុងជាប់ពន្ធនាគារ មិនទាន់ចេញនៅឡើយ។
នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចេញទៅស៊ីឈ្នួលដករមៀតឱ្យអ្នកភូមិ ស្រាប់តែពេលកំពុងដកមៀតសុខៗក៏មានអ្នកភូមិរត់មកប្រាប់ថា ភ្លើងកំពុងឆេះផ្ទះរបស់គាត់ ធ្វើឱ្យស្ត្រីរងគ្រោះភ័យឆោឡោស្ទុះរត់ទៅមើល។
លុះទៅដល់ឃើញភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងគ្មានប្រជាពលរដ្ឋ ឬសមត្ថកិច្ចអាចជួយពន្លត់ទាន់ពេលវេលានោះឡើយ ដោយសារតែផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតនៅដាច់ឆ្ងាយពីគេខ្លាំងពេក ទម្រាំមានអ្នកដឹងរត់មកជួយភ្លើងឆេះពេញបន្ទុកទៅហើយ មិនអាចពន្លត់បានឡើយ ទីបំផុតផ្ទះទាំងមូលត្រូវភ្លើងលេបត្របាក់អស់គ្មានសល់។

តាមការបញ្ជាក់ឱ្យដឹងពីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គិភ័យខាងលើនេះបានឆេះបំផ្លាញផ្ទះរបស់គាត់ទាំងស្រុង និងកង់ចំនួន២គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ចំណែកលុយកាក់ ទ្រព្យសម្បត្តិនោះ គឺគ្មានទេ ព្រោះគាត់រកមួយពេលសម្រាប់រស់មួយពេលសឹងមិនគ្រប់ផង គ្មនាលុយកាក់មាសប្រាក់ឯណាសន្សំទុកនោះទេ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះ គឺដោយសារទុស្សេខ្សែភ្លើងយ៉ាងណា មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕