ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ទើបនឹងចេញពីកាស៊ីណូណាហ្គា២ នាំភេទទី៣ម្នាក់ជិះកង់បី បំណងទៅរកកន្លែងសុខស្រួល ស្រាប់តែពេលកំពុងធ្វើដំណើរតាមផ្លូវ ក៏លេចមុខជនសង្ស័យមួយក្រុមដែលជនរងគ្រោះអះអាងថា ជាជនជាតិចិនមានប្រដាប់ដោយកាំបិតបានបើករថយន្តកៀររ៉ឺម៉កកង់បី រួចប្លន់យកកាបូបពីភេទទី៣ និងថែមទាំងចាក់បុរសចិនឱ្យរបួសដៃទៀតផង បន្ទាប់មកក៏នាំគ្នាបើករថយន្តគេចបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ២៤២ ចំណុចមុខផ្សារទំនើបអ៊ីជៀ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីអ្នកបើករ៉ឺម៉កកង់បី បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដឹកបុរសជនជាតិចិនម្នាក់ និងនារីភេទទី៣ ជនជាតិវៀតណាមម្នាក់ ធ្វើដំណើរចេញពីណាហ្គា២ ឆ្ពោះទៅទីតាំងកន្លែងកើតហេតុ។

លុះធ្វើដំណើរមកដល់កន្លែងកើតហេតុតាមបណ្តោយផ្លូវ២៤២ មុខផ្សារទំនើបអ៊ីជៀ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក HYUNDAI STAREX ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បានបើកកៀររ៉ឺម៉កកង់បីរបស់គាត់ ដែលពាក់ស្លាកលេខភ្នំពេញ 1HW-1061 ឱ្យឈប់។

បុរសជាអ្នកបើករ៉ឺម៉កកង់បី បន្តថា ភ្លាមៗនោះគាត់ក៏បានឈប់ ស្រាប់តែមានបុរសមាឌធំ៣នាក់ ពាក់ស្រោមមុខពណ៌ខ្មៅជិតមុខដៃកាន់កាំបិត បានចុះពីរថយន្តរួចក៏ធ្វើសកម្មភាពយកកាំបិតមកភ្ជង់ជនរងគ្រោះជានារីភេទទី៣ខាងលើ ប្លន់យកកាបូប ភ្លាមៗនោះជនជាតិចិនដែលរួមដំណើរជាមួយ បានស្ទុះទៅចាប់កាបូបពីជនសង្ស័យ ក៏ត្រូវជនសង្ស័យខាងលើបានចាក់មួយកាំបិតត្រូវដៃ បណ្តាលឱ្យរងរបួសធ្លាក់ពីលើរ៉ឺម៉កកង់បី និងព្យាយាមប្រតាយប្រតប់គ្នាទៀត។

ចំណែកគាត់ជាអ្នកបើករ៉ឺម៉កកង់បី ឃើញដូចនេះក៏ព្យាយាមបើករ៉ឺម៉ករត់គេចចេញពីកន្លែងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មកគាត់បានឃើញជនសង្ស័យទាំងបីខាងលើ រត់ឡើងជិះរថយន្តបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ រីឯបុរសជនជាតិចិន ដែលរងរបួសខាងលើក៏បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុផងដែរ។

សូមបញ្ជាក់ផងដែរថា សម្ភារៈក្នុងកាបូប របស់នារីភេទទីបីខាងលើដែលបាត់បង់មានលុយចំនួន៤០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងលិខិតឆ្លងដែនមួយ រួមទាំងសម្ភារៈមួយចំនួនទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងរកដើម្បីតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕