Monday, November 24, 2025
Homeព័ត៌មានជាតិចុម!!! ជិះម៉ូតូចុះឡើងៗ ស្រាប់តែស្រែកសួរថា “ពួកអាឯងចង់លេងមែនទេ?”

ចុម!!! ជិះម៉ូតូចុះឡើងៗ ស្រាប់តែស្រែកសួរថា “ពួកអាឯងចង់លេងមែនទេ?”

ខេត្តកណ្តាល ៖ ក្មេងទំនើង១ក្រុមជិះរ៉ឺម៉កដឹកគ្នាបណ្តើរចាក់ធុងបាស់លាន់ឮទ្រហឹងពេញភូមិបណ្តើរ លុះឃើញអ្នកភូមិ១ក្រុមកំពុងអង្គុយជុំគ្នាផឹកស៊ី ក៏ជិះកាត់ពីមុខបកទៅបកមក ទំនងជាចង់ឱ្យគេហៅពួកខ្លួនផឹកស៊ីដែរ តែគេអត់ហៅក៏ផ្ទុះកំហឹងបោះពាក្យសម្តីឌឺដងរួចឈប់រ៉ឺម៉កស្ទុះទាញដំបងនិងកាំបិតដេញគប់និងកាប់ក្រុមជនរងគ្រោះ លុះវ៉ៃគេអត់បានដូចចិត្តក៏ស្ទុះទៅខាំបណ្តាលឱ្យបុរសម្នាក់រងរបួសរយះស្មា ទីបំផុតក៏ត្រូវសមត្ថកិច្ចច្ចាប់ក្របួចជាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៨នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម។

ជនរងគ្រោះដែលត្រូវក្មេងទំនើងខាំរយះស្មា មានឈ្មោះខុម ចាន់នុត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានអ័រគីដេ មានលំនៅក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម រងរបួសរយះស្មា ជាំកំភួនដៃឆ្វេងនិងស្នាមរលាត់ក្បាលជង្គង់ឆ្វេង។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆិ ប៊ុនលី ហៅឃ្លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម។

រីឯវត្ថុតាងចាប់យក រួមមានឈើជ្រុងចំនួន៣កំណាត់ ទំហំ៤គុណនឹង៤សង់ទីម៉ែត្រ (ពីរកំណាត់ប្រវែង៧០សង់ទីម៉ែត្រ) និងមួយកំណាត់ប្រវែង៩៥សង់ទីម៉ែត្រ និងផ្លែកាំបិតបាក់ដងចំនួន១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយផឹកស្រាបៀរជាមួយមិត្តភក្កិចំនួន៥នាក់ នៅក្នុងផ្ទះឈ្មោះអ៊ឹម យ៉ន ត្រូវជាឪពុកក្មេក។

លុះបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យបានបើករ៉ឺម៉កដឹកមនុស្ស២នាក់ពីក្រោយ ដោយបានបើកចុះបើកឡើង និងមានចាក់ធុងបាស់ដាក់លើរ៉ឺម៉កផង ហើយស្រែកថា “ពួកអាឯងចង់លេងមែនទេ?” រួចហើយជនសង្ស័យឈ្មោះឆិ ប៊ុនលី បានឈប់រ៉ឺម៉កនៅមុខផ្ទះឈ្មោះរ៉ា ដែលមានចម្ងាយពីផ្ទះជនរងគ្រោះ១០ម៉ែត្រ ហើយដើរចូលទៅក្នុងផ្ទះឈ្មោះអ៊ឹម យ៉ន វាយឈ្មោះខន សៅ ចំនួនមួយដៃ។

ប្រភពបន្តថា ឃើញបែបនេះជនរងគ្រោះក៏ចូលទៅឃាត់ ស្រាប់តែឈ្មោះឆិ ប៊ុលី មិនស្តាប់និងថែមទាំងបានយកដុំថ្ម ដំបងឈើជ្រុង និងកាំបិតដេញគប់ជនរងគ្រោះនិងមិត្តភក្តិថែមទៀត។ បន្ទាប់មកជនរងគ្រោះក៏បានចូលទៅឃាត់ម្តងទៀត ស្រាប់តែជនសង្ស័យឈ្មោះឆិ ប៊ុនលី បានស្ទុះទៅខាំនិងវាយជនរងគ្រោះបណ្តាលឱ្យរបួសតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES