ភ្នំពេញ ៖ បុរសម្នាក់បានទៅដាក់ពាក្យបណ្តឹងសុំឱ្យនគរបាលប៉ុស្តិ៍កន្ទោក ជួយអន្តរាគមន៍ និងស្រាវជ្រាវរកម៉ូតូរបស់ខ្លួន១គ្រឿង ដែលត្រូវបានចោរលួចកាច់សោកជិះយកទៅបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា នៅចំណុចផ្ទះជួល ស្ថិតនៅជិតផ្សារបុរីសែនមនោរម្យ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសខាងលើដែលត្រូវចោរលួចម៉ូតូយកទៅបាត់នោះ មានឈ្មោះឆេង សុផល អាយុជិត៣០ឆ្នាំ មានលំនៅអចិន្ត្រៃយ៍ផ្ទះលេ៦០៧ ផ្លូវបេតេ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបានមកស្នាក់នៅផ្ទះជួលកើតហេតុខាងលើ បានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR-6524។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរូបនេះតែងតែទុកម៉ូតូរបស់ខ្លួននៅទីតាំងខាងលើជារៀងរាល់ថ្ងៃ ជាមួយម៉ូតូអ្នកដទៃទៀត ដែលស្នាក់នៅផ្ទះជួលជាមួយគ្នានោះដែរ។

ដោយឡែក នៅមុនពេលកើតហេតុ ក្រោយពីត្រឡប់មកពីទិញម្ហូបនៅផ្សារបុរីសែនមនោរម្យ វិញ បានទុកម៉ូតូចាក់សោកត្រឹមត្រូវនៅទីតាំងនោះ រួចក៏បានឡើងទៅសម្រាកនៅបន្ទប់ជាន់ទី២។ លុះចុះមកវិញ ស្រាប់តែរកម៉ូតូអត់ឃើញ ទើបដឹងថា ចោរលួចកាច់សោកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោលទៅហើយ។
ក្រោយពីបាត់ម៉ូតូ បុរសរងគ្រោះបានធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលកន្ទោក ដើម្បីដាក់ពាក្យបណ្តឹង និងសុំឱ្យនគរបាលជួយស្រាវជ្រាវ រកម៉ូតូមកវិញ៕