ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបុរសជាប្តីអះអាងថា វក់នឹងល្បែងងើបមុខមិនរួច ប្តីប្រឹងធ្វើការរកលុយទាំងត្រដាបត្រដួសយកមកឱ្យប្រពន្ធទុកដាក់ បែរជាប្រពន្ធយកទៅលេងល្បែងក្នុងកាស៊ីណូចាញ់បោសគូទខោ លក់អស់ទាំងដីឡូតិ៍គ្មានស្តាយស្រណោះ រហូតដល់ប្តីតាមទៅអូសកពីក្នុងកាស៊ីណូបណ្តើរត្រឡប់មកផ្ទះ ដោយវ៉ៃដំខ្លះៗតាមផ្លូវទុកជាការព្រមាន។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្តីប្រពន្ធដែលផ្ទុះជម្លោះរហូតឈានដល់អំពើហិង្សាខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរសុទ្ធតែមានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា។
ចំណែកស្ត្រីជាប្រពន្ធកំពុងមានផ្ទៃពោះទៀតផង សព្វថ្ងៃស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធអ្នកទាំង២ខាងលើបានបណ្តើរគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅមកពីចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅទិសខាងកើត ដោយប្រពន្ធដើរមុខប្តីដើរពីក្រោយ ហើយបុរសជាប្តីដើរបណ្តើរក៏បានវាយប្រពន្ធ១ដៃ២ដៃផងដែរ។
ប្រភពបានបន្តថា លុះប្តីប្រពន្ធអ្នកទាំងពីរដើរមកដល់ត្រង់ចំណុចស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ដែលមានសមត្ថកិច្ចនៅឈរជើងប្រចាំការនៅទីនោះ គេឃើញស្ត្រីជាប្រពន្ធដែលកំពុងមានផ្ទៃពោះ បានរត់ចូលទៅកាន់ទីតាំងឈរជើងរបស់សមត្ថកិច្ចដើម្បីស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បញ្ចៀសហិង្សាកុំឱ្យប្តីវាយធ្វើបាប។

ជម្លោះបែកផ្សែងរវាងគ្រួសាមួយនេះ គេមិនដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែនៅចំពោះមុខប្រជាពលរដ្ឋនិងសមត្ថកិច្ច គេឃើញភាគីបុរសជាប្តីបាននិយាយទាំងកំហឹងថា “ឱ្យទ្រាំម្តេចបាន បើលុយក៏អស់ ដីជាច្រើនឡូត៍ក៏អស់ ដោយសារតែប្រពន្ធយកទៅបំផ្លាញនៅកាស៊ីណូញឹកញយ មិនព្រមឈប់…”។
ទន្ទឹមនឹងការលើកឡើងរបស់បុរសជាប្តីក៏មានអ្នកផ្សេងដែលសង្ស័យជាសាច់ញាតិគ្រួសារខាងលើ បានទៅដល់កន្លែងកើតហេតុ និងបាននិយាយប្រាប់គេឯងថា ស្ត្រីរូបនេះបានយកលុយទៅបំផ្លាញនៅកាស៊ីណូច្រើនណាស់ ទើបប្តីខឹង។

ប្រភពដដែលបន្តថា បុរសជាប្តីជាមេការសំណង់គាត់ខំធ្វើកានៅស្រុកថៃ ផ្ញើប្រាក់មកផ្ទះជាបន្តបន្ទាប់ តែត្រូវប្រពន្ធយកទៅបំផ្លាញនៅកាស៊ីណូអស់។
ក្រោយពីរត់ចូលស្ថានីយរថភ្លើងសុំឱ្យសមត្ថកិច្ចជួយ ស្ត្រីខាងលើមិនព្រមត្រឡប់ទៅផ្ទះតាមការអង្វររបស់បុរសជាប្តីនិងសាច់ញាតិទេ ប៉ុន្តែពេលសាច់ញាតិ និងបុរសជាប្តីចាកចេញពីកន្លែងកើតហេតុបាត់ ស្ត្រីខាងលើបានចេញពីស្ថានីយរថភ្លើងតាមទ្វារក្រោយគេចបាត់ដែរ៕