ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ទើបនឹងចេញពីធ្វើការត្រឡប់ទៅផ្ទះ លុះទៅដល់មុខផ្ទះក៏ទូរស័ព្ទហៅបងប្អូនឱ្យបើកទ្វារឱ្យ ស្រាប់តែលេខមុខជនសង្ស័យ២នាក់ជិះម៉ូតូមកឈប់ក្បែរ រួចក៏ធ្វើសកម្មភាពដាល់នាងចំនួន៥ដៃចំផ្ទៃមុខ បណ្តាលឱ្យបាក់ខ្ទង់ច្រមុះរងរបួសយ៉ាងដំណំ រួចក៏ប្លន់យកទូរស័ព្ទទំនើបជិះគេចខ្លួនបាត់ស្រមោល។
ករណីចោរដាល់ស្រីស្អាត៥ដៃប្លន់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាងមុខផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតនៅតាមបណ្តោយផ្លូវ១២២ កែងផ្លូវ២១៥ នៅចំណុចក្បែរនឹងស្តុបដេអិន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ស្ត្រីរងគ្រោះមានឈ្មោះឡា លីន អាយុ៣៦ឆ្នាំ ជាបុគ្គលិកធ្វើការនៅម្តុំផ្លូវ២១៥ ក្បែរដេអិន ស្នាក់នៅផ្ទះលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ទើបតែចេញមកពីធ្វើការនៅឯម្តុំដេអិន រួចក៏ដើរមកដល់មុខផ្ទះនៅវេលាម៉ោងកើតហេតុខាងលើ គាត់ក៏ដកទូរស័ព្ទតេហៅបងប្អូនដើម្បីអោយបើកទ្វារ។

ស្រាប់តែបន្តិចក្រោយមក ខណៈដែលអ្នកផ្ទះមិនទាន់ចេញមកបើកទ្វារឱ្យនៅឡើយក៏លេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកជិតគាត់រួចធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃ ដោយដាល់គាត់ចំនួន៥ដៃចំកណ្តាលមុខ បណ្តាលឱ្យរងរបួសបាក់ខ្ទងច្រមុះយ៉ាងដំណំ។
ភ្លាមៗនោះ គាត់បានស្រែកឱ្យគេជួយដែរ ប៉ុន្តែដោយសារនៅម្តុំទីតាំងកើតហេតុខាងលើនោះ មានសភាពស្ងាត់ ទើបជនសង្ស័យធ្វើសកម្មភាពរួច រត់គេចដោយសុវត្ថិភាព។

តាមប្រភពដដែលបានបន្តទៀតថា គាត់ធ្លាប់ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ចំនួន៤ដងមកហើយ ទើបគាត់សំណូមពរដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣ មេត្តាជួយស្រាវជ្រាវតាមរកមុខរកមុខសញ្ញាជនសង្ស័យខាងលើដើម្បីយកមកចាត់ការតាមច្បាប់ផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕