ខេត្តព្រះសីហនុ ៖ សណ្ឋាគារ១កន្លែងដែលជនជាតិចិនជួលស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺក្រោយពីពន្លត់ភ្លើងរួចហើយ បែរជាសមត្ថកិច្ចបានប្រទះឃើញថ្នាំញៀនដែលលាក់ទុកនៅក្នុងនោះប្រមាណជាង២០គីឡូក្រាម។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារមួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កាលពីវេលាថ្ងៃត្រង់ថ្ងៃកើតហេតុ មានផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលជួលឱ្យជនជាតិចិនស្នាក់នៅ តែក្រោយមកមានករណីអគ្គិភ័យឆាបឆេះផ្នែកខ្លះក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ពេលនោះក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងជំនាញចុះជួយបាញ់ទឹកពន្លត់រួចរាល់ហើយ ក៏ស្រាប់តែសមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាច្រើនដែលបានលាក់ទុកនៅក្នុងបន្ទប់សណ្ឋាគារខាងលើ ដែលគិតជាបរិមាណមានទំងន់ប្រមាណជាង២០គីឡូក្រាមឯណោះ ក្នុងនោះកញ្ចប់ខ្លះត្រូវភ្លើងឆេះរោល និងខ្លះទៀតនៅល្អ។ បន្ទាប់ពីប្រទះឃើញគ្រឿងញៀនយ៉ាងច្រើនបែបនេះ កម្លាំងសមត្ថកិច្ចក៏បានវាយខ្នោះជនជាតិចិន៤នាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

