Monday, November 24, 2025
Homeព័ត៌មានជាតិយូ ឌីស្កូ ពន្យារពេលចាប់ដៃកែវ ពេជ្រពិសី

យូ ឌីស្កូ ពន្យារពេលចាប់ដៃកែវ ពេជ្រពិសី

មុននេះមានព័ត៌មានថា តារាដែលទៅវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា ដោយជោគជ័យ លោកយូ ឌីស្កូ ដែលមានសុខភាពចង់វិលទៅរកស្ថានភាពល្អប្រសើរដូចដើមនោះ គ្រោងនឹងវិលមកអុកឡុកក្នុងសិល្បៈពេញទំហឹង ដោយចង់ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារាសម្តែងកែវ ពេជ្រពិសី ដែលកំពុងតែកាន់ទុក្ខម្តាយរបស់នាង។

ប៉ុន្តែនៅពេលសួររឿងនេះ អតីតក្រុមតារាចម្រៀង 4Star លោកយូ ឌីស្កូ ហៅតោមីងសឿខ្មែរ រូបនេះ និយាយហាក់មិនច្បាស់លាស់ពីការចាប់ដៃជាមួយដៃគូចាស់ កែវ ពេជ្រពិសី ហៅសាន់ឆាយខ្មែរ ឡើយ។

យូ ឌីស្កូ ថ្លែងថា “រឿងហ្នឹងមានគេសួរខ្ញុំច្រើនដែរ ដោយសារតែពីមុនពួកយើងធ្លាប់ជាដៃគូច្រៀងឆ្លងឆ្លើយគ្នា អ៊ីចឹងនៅពេលដែលខ្ញុំនិងពិសី វិលចូលសិល្បៈវិញ ក៏គេថា ពួកយើងនឹងចាប់ដៃគូគ្នាវិញតែម្តង។

ឌីស្កូ បន្តថា “ខ្ញុំមិនច្បាស់ថាពេលណាយើងបានច្រៀងសម្តែងជាមួយគ្នាវិញទេ ព្រោះពេលនេះខ្ញុំបានចាប់ដៃគូច្រៀងជាមួយទូច ស្រីលក្ខណ៍ ហើយបានឡើងតាមប៉ុស្តិ៍ទូរទស្សន៍បានមួយចំនួនដែរ។ ចំពោះការច្រៀងជាមួយពិសី ពួកយើងអត់ទាន់បាននិយាយគ្នាច្បាស់ទេ ម៉្យាងទៀតពេលនេះគាត់កំពុងតែកាន់ទុក្ខផង”។

យូ ឌីស្កូ ថា ពេលនេះស្ថានភាពសុខភាពរបស់លោកមានភាពល្អប្រសើជាងមុនឆ្ងាយហើយ ពោលគឺស្ទើរតែបានដូចដើម ប៉ុន្តែ២ខែត្រូវតែជោះឈាមផ្ញើទៅឱ្យពេទ្យនៅឥណ្ឌាមើលម្តង ហើយគេប្រាប់ពីសុខភាពរបស់លោកវិញតាមសារអេឡិចត្រូនិក។

ឌីស្កូ ថា ជំងឺក្រលៀនរបស់លោកនេះគឺតម្រូវឱ្យលេបថ្នាំអស់១ជីវិតតែម្តង ខណៈដែលអាហារវិញគឺត្រូវតមមិនអាចញ៉ាំគ្រឿងសមុទ្របានទេ គឺញ៉ាំបានរាល់ថ្ងៃ បន្លែ និងសាច់ត្រី ហើយត្រូវធ្វើឱ្យឆ្អិន។

អតីតតារាចម្រៀងក្រុម 4Star រូបនេះថា នៅរដូវប្រាំងនេះលោកនឹងទទួលចេញច្រៀងតាមបណ្តាកម្មវិធីផ្សេងៗឱ្យតែគេហៅ គឺទៅទាំងអស់ ព្រោះលោកមានកម្លាំងអាចធ្វើការបានវិញហើយ។

ប៉ុន្តែលោកថា មិនដឹងជាមានអតិថិជនហៅច្រៀងឬគាំទ្រប៉ុនណានោះទេ គឺចាំមើលលើភាពជាក់ស្តែងសិន ដូចជា អាឡិច ចាន់ត្រា ដែលជាអ្នករៀបចំកម្មវិធីកម្សាន្តតាមកម្មវិធីផ្សេងៗនោះថា តើគេនឹងហៅលោកច្រៀងដែរឬយ៉ាងណា?៕

RELATED ARTICLES