ខេត្តកោះកុង ៖ បុរសម្នាក់បានអះអាងថាប្រពន្ធរបស់ខ្លួនឈឺពោះសម្រាល និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង តែបែរជាគ្រូពេទ្យមានការធ្វេសប្រហែសមិនយកចិត្តទុកដាក់ គិតតែលុយជាធំ បណ្តាលឱ្យប្រពន្ធរបស់គាត់សម្រាលកូនរួច ហើយស្លាប់ទាំងម្តាយទាំងកូនគួរឱ្យសង្វេគ។
ស្ត្រីរងគ្រោះដែលសម្រាលកូនរួច បែរជាស្លាប់ទាំងម្តាយទាំងកូន មានឈ្មោះសួន ស៊ីមន អាយុ៣៧ឆ្នាំ មានប្តីឈ្មោះងួន គឹមហួរ អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ គាត់បានជូនប្រពន្ធដែលកំពុងមានផ្ទៃពោះគ្រប់ខែទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លុះទៅដល់គ្រូពេទ្យពិនិត្យរួច ក៏បានបន្តោកសេរ៉ូម (ជួយបើកស្បូន) ឱ្យប្រពន្ធគាត់ ស្រាប់តែពេលអស់សេរ៉ូមប្រមាណ១ថ្នាំងដៃ ប្រពន្ធរបស់គាត់ក៏ឡើងកន្ទួលរមាស់ពេញខ្លួន ទើបគាត់បានរត់ទៅតាមគ្រូពេទ្យឱ្យមកជួយមើល តែគ្រូពេទ្យរវល់ជាប់សម្រាលកូនឱ្យគេម្នាក់ទៀតអត់បានមកមើលទេ ទើបប្រពន្ធគាត់ប្រាប់ឱ្យគាត់ជួយបិទសេរ៉ូមវិញ ព្រោះនាងប្រតិកម្មសេរ៉ូមហើយទើបគាត់ក៏បានបិទសេរ៉ូមនោះទៅ។
លុះប្រមាណ១០នាទីក្រោយ ទើបពេទ្យមក រួចក៏បានប្រើដៃលូកចូលប្រដាប់ភេទប្រពន្ធរបស់គាត់ រួចប្រាប់ថាអត់អីទេ ប៉ុន្តែឃើញដៃគ្រូពេទ្យប្រឡាក់សុទ្ធតែឈាម បន្ទាប់ពីនោះមកនៅពេលដែលប្រពន្ធគាត់ចូលបន្ទប់ទឹកបត់ជើងឃើញមានធ្លាក់ឈាមមករហូត និងចាប់ផ្តើមឈឺពោះចុកខ្លាំងម្តងៗស្ទើរទ្រាំមិនបាន។

បុរសជាប្តីស្ត្រីរងគ្រោះបន្តថា រហូតដល់ម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ទើបគ្រូពេទ្យបានហៅប្រពន្ធគាត់ឱ្យឡើងគ្រែសម្រាល ខណៈដែលប្រពន្ធរបស់គាត់ប្រតិកម្មសេរ៉ូមពេញ១យប់ អស់កម្លាំងអត់មានកម្លាំងប្រឹង តែគ្រូពេទ្យចេះតែប្រាប់ថាឱ្យប្រឹងបង្ខំឱ្យគ្នាប្រឹងរហូត។
លុះក្រោយពេលប្រពន្ធរបស់គាត់ប្រឹងសម្រាលកូនបានមកហើយ គ្រូពេទ្យក៏បានមកប្រើកាយវិការ លូកដៃចូលខ្វាទាំងកំរោលដោយមិនថ្នមដៃសោះ ហើយក៏មិនបានលាងសំអាតទងសុកឱ្យប្រពន្ធគាត់ភ្លាមៗដែរ ពោលគឺទុកឱ្យប្រពន្ធគាត់ដេកសន្លប់នៅលើគ្រែសម្រាលមួយសន្ទុះ ទើបគ្រូពេទ្យមកមើល ចំណែកកូនគាត់ដែលសម្រាលចេញមកនៅវេលាម៉ោង៥និង៥០នាទី ហាក់មិនមានសំឡេង យំស្រែកអ្វីបន្តិចសោះ។

បុរសជាប្តីបានឱ្យដឹងទៀតថា លុះដល់វេលាម៉ោងប្រមាណ៦កន្លះព្រឹកថ្ងៃដដែល ខណៈពេលឃើញសភាពរបស់ប្រពន្ធគាត់ខ្សោយខ្លាំង ទើបគ្រូពេទ្យបានចាក់ថ្នាំផងព្យួរសេរ៉ូមផង រហូតដល់ប្រពន្ធរបស់គាត់ខ្សោយលែងដឹងខ្លួន ទើបហៅពួកគាត់ជាក្រុមគ្រួសារមកប្រាប់ថា ប្រពន្ធគាត់មិនស្រួលទេ ហេតុនេះជំរើសមាន២ផ្លូវ។
ប្រភពន្តថា ជម្រើស២ផ្លូវនោះ គឺ១-បញ្ជូនទៅថៃ ២-បញ្ជូនទៅភ្នំពេញ តែបើចង់បញ្ជូនទៅថៃ ត្រូវមានលុយកាក់៥០ម៉ឺនបាតសិនបានគេបញ្ជូនទៅ។ ភ្លាមនោះគាត់ក៏បានស្នើសុំគ្រូពេទ្យជួយបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់សិនទៅ រឿងលុយកាក់ចាំនិយាយគ្នាតាមក្រោយ តែគ្រូពេទ្យឆ្លើយតបវិញថា បើគ្មានប្រាក់កក់៥០ម៉ឺនបាតមុនទេ ពេទ្យអត់បញ្ជូនទៅទេ។

ពេលនោះ គាត់ក៏សុំបញ្ចូនប្រពន្ធទៅភ្នំពេញវិញ តែពេទ្យប្រាប់ថា ចាំគេរៀបចំឯកសារសិន ហើយគ្រាន់តែរៀបចំឯសារចំណាយពេលជិត២ម៉ោង ទើបរួចរាល់ លុះពេលរុញប្រពន្ធគាត់ចូលក្នុងឡាន សង្គ្រោះ ប្រពន្ធគាត់លែងដឹងខ្លួនទៅហើយ។
ស្រាប់តែពេលដឹកមកដល់ត្រឹមពេជ្រនិល គ្រូពេទ្យក៏ប្រាប់ថា ចង្វាក់បេះដូងប្រពន្ធគាត់លែងដើរហើយ ទើបគាត់សម្រេចដឹកសពប្រពន្ធត្រឡប់ទៅស្រុកកំណើតឯឃុំជីផាត ស្រុកអណ្តូងទឹកវិញ នៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បុរសជាប្តីរូបនេះ បានបញ្ជាក់ថា តាមពិតប្រពន្ធរបស់គាត់ធ្លាប់លោតចុះពីលើអគារ២ជាន់ ខណៈដែលផ្ទុះហ្គាស បណ្តាលឱ្យរបួសចង្កេះ តែក្រោយមកព្យាបាលបានសះស្បើយអស់ទៅហើយ លុះពេលប្រពន្ធគាត់មានបញ្ហាបាត់បង់ជីវិតក្រោយសម្រាល បែរជាគ្រូពេទ្យចេញមកបញ្ជាក់ថា អាការប្រពន្ធរបស់គាត់គឺបណ្តាលមកពីជំងឺពីមុនទៅវិញ ដោយមិនទទួលស្គាល់ពីកំហុសឆ្គងរបស់គ្រូពេទ្យ ដែលបង្កឱ្យបាត់បង់ជីវិតមនុស្សជាទីស្រលាញ់របស់គាត់ដល់ទៅ២នាក់ (ទាំងប្រពន្ធទាំងកូន) ធ្វើឱ្យគាត់ស្ទើរតែមិនអាចទទួលយកបានឡើយ។

ជាមួយនេះ បុរសជាប្តីស្ត្រីរងគ្រោះខាងលើបានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឱ្យជួយពិនិត្យមើលនិងកែលំអឡើងវិញជាមួយនឹងបុគ្គលគ្រូពេទ្យដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់ សូមកុំបណ្តែតបណ្តោយឱ្យពួកគាត់ទាំងនោះយកជីវិតអ្នកជំងឺមកលេងសើច គួរគិតពីតម្លៃជីវិតមនុស្សជាធំ កុំគិតតែពីរឿងលុយជាចំបង។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងមន្ទីរពេទ្យបង្អែកខេត្តកោះកុងបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕