ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន៣ផ្សេងគ្នា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះវ៉ាន សុខនឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង។

ដីកាបង្គាប់ចាប់ខ្លួនចំនួន៣ដីកា រួមមាន ៖
ទី១-ពីបទបង្ករបួសដោយចេតនា កើតហេតុកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ នៅចំណុច ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ដីកាលេខ៣២៣ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ របស់លោកធ្នាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

ទី២-ពីបទហិង្សាដោយចេតនា កើតហេតុថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ នៅចំណុចភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ដីកាលេខ១៤៧ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ របស់លោកស៊ិន វិរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

ទី៣-ពីបទរំលោភលើទំនុកចិត្ត កើតហេតុថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ដីកាលេខ២៦៩ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ របស់លោកគឹម ម៉េងចៅ ក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕