ភ្នំពេញ ៖ បុរស២នាក់ដែលមានរបរជាជាងជួសជុលម៉ូតូបាននាំគ្នាធ្វើសកម្មភាពកាត់សោផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូអូសចេញមកក្រៅបានសម្រេចទៅហើយ តែប៉ះថ្ងៃស៊យម៉ូតូធាក់អត់ឆេះត្រូវសមត្ថកិច្ចល្បាតមកទាន់ចាប់វ៉ៃខ្នោះទាំង២។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ម្តុំវត្តស្លែង ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបាននេះ ៖
ទី១-ឈ្មោះសុខ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងធ្វើការម្តុំជម្ពូវ័ន មានស្រុកកំណើតនៅភូមិចុងថ្នល់ ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី២-ឈ្មោះហៀង វិច្ឆ័យ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មានស្រុកកំណើតភូមិសង្គ្រាមបូ ឃុំគោកអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
រីឯជនរងគ្រោះមានឈ្មោះវ័ន អូក អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខស្ទឹងត្រែង 1A-0279។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញកំពុងតែធាក់ម៉ូតូនិងតភ្លើង ហើយដោយមានការសង្ស័យក៏ឆែកឆេរមើល ស្រាប់តែឃើញសោរាងអក្សរតេនិងកន្ត្រៃកាត់ដែក២សម្រាប់កាត់ និងកាច់កម៉ូតូ ទើបធ្វើការឃាត់ខ្លួនតែម្តង។ ដោយឡែក ជនរងគ្រោះមិនដឹងថា ខ្លួនបាត់ម៉ូតូនោះទេ ទាល់តែសមត្ថកិច្ចមកដល់ផ្ទះសួរនាំ ទើបដឹងថាបាត់ ហើយមកមើលនៅប៉ុស្តិ៍ ឃើញម៉ូតូរបស់ខ្លួន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ប្រទះឡាង និងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមច្បាប់៕