Monday, November 24, 2025
Homeព័ត៌មានជាតិសល់លុយតែ៨ពាន់ដុល្លារ គាត់គេចវេះរហូត ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

សល់លុយតែ៨ពាន់ដុល្លារ គាត់គេចវេះរហូត ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធទៅនឹងករណីឆបោកប្រាក់ចំនួន៨ពាន់ដុល្លារ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកប្រាក់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអូន សាយ ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិថ្នល់បត់ ឃុំគោកមន ស្រុក បន្ទាយអំពិល។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០២០ដបចខ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ចេញដោយលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បញ្ជាឱ្យឈ្មោះអូន សាយ ចូលទៅបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឱ្យបានមុនថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៨០០០ដុល្លារពីជនរងគ្រោះ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនខាងលើបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩ មានករណីឆបោកមួយកើតឡើងនៅចំណុចភូមិបត់ត្រង់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះអូន សាយ បានឱ្យជនរងគ្រោះឈ្មោះសឿម សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ ចាក់ដីចំនួន២១០០០ម៉ែត្រគូប មកឱ្យខ្លួន ស្មើនឹងទឹកប្រាក់ចំនួន២១០០០ដុល្លារ។

ក្នុងដីកាដដែកបានឲ្យដឹងទៀតថា ក្នុងនោះជនសង្ស័យបានឱ្យលុយបណ្តើរៗបានចំនួន៥ពាន់ដុល្លារ និងបានកាត់ដីឱ្យដែលមានចំនួន៨០០០ដុល្លារ ក្រោយមកបានសន្យាសងលុយនៅខែនេះខែនោះ និងគេចវេះរហូតមិនព្រមសង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

RELATED ARTICLES