Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះជន្ម១០៦ព្រះវស្សា ទទួលព្រះអនិច្ចធម្ម

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះជន្ម១០៦ព្រះវស្សា ទទួលព្រះអនិច្ចធម្ម

ភ្នំពេញ ៖ សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធក្នុងព្រះជន្មាយុ១០៦ព្រះវស្សា។

គួរបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រិស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្តកណ្តាល។

ញោមប្រុស (បិតា) នាម ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងញោមស្រី (មាតា) នាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ (ប្រុស៧នាក់ ស្រី៣នាក់) សម្តេចជាបុត្រទី៥នៅក្នុងគ្រួសារ។

នៅអាយុ១២ឆ្នាំ មាតាបិតាបានឱ្យកុមារលាស់ ឡាយ បួសជាសាមណេរក្នុងសំណាក់ព្រះគ្រូ ឯល គាំ និងបានចាត់ឱ្យទៅរៀនព្រះបរិយត្តិធម៌ ក្នុងសំណាក់លោកគ្រូមហាអ៊ឹម នៅវត្តព្រះពុទ្ធមានបុណ្យ ក្រុងភ្នំពេញ។

ក្រោយមក សាមណេរលាស់ ឡាយ បានទៅគង់នៅវត្តឧណ្ណាលោម ដើម្បីរៀនបរិយត្តិធម៌បន្ត រហូត ដល់អាយុ១៩ឆ្នាំ ទើបលាចាកសិក្ខាបទទៅបម្រើមាតាបិតាវិញ។

លុះដល់អាយុ២១ឆ្នាំ មាតាបិតាបាននាំទៅបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាមអ៊ុក នៅវត្តសំរោង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ខាងលិចផ្សារឧដុង្គ) ដែលជាស្រុកកំណើតរបស់ញោមស្រី។នៅក្នុងឆ្នាំនោះ ភិក្ខុលាស់ ឡាយ បាននិមន្តទៅគង់នៅវត្តមហាមន្ត្រី ដើម្បីរៀនបរិយត្តិធម៌បន្តទៀត ។

នៅឆ្នាំ១៩៤៨ ភិក្ខុលាស់ ឡាយ បានទៅជួយបង្រៀនបរិយត្តិធម៌នៅវត្តកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប បានមួយឆ្នាំក្រោយមក សម្តេចហួត តាត ជាអគ្គាធិការ បានចេញប្រកាសនីយបត្រ តែងតាំងជាអាចារ្យបង្រៀនផ្លូវការនៅពុទ្ធិកបឋមសិក្សាវត្តមហាមន្ត្រី។

ឆ្នាំ១៩៦៥ បានទៅសិក្សាផ្នែកគរុកោសល្យនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ១ខែហើយសម្តេចព្រះសង្ឃរាជ្យ ជួន ណាត បានតែងតាំងជាព្រះគ្រូឃោសាភិរ័ត្ន ជាឋានានុក្រមសង្ឃថែមទៀត។

ឆ្នាំ១៩៧០ គណៈសង្ឃវត្តមហាមន្ត្រី បានជ្រើសតាំងជាប្រធានគណៈសង្ឃសម្រាប់វត្ត។ឆ្នាំ១៩៧៥ ពួកប៉ុល ពត បាននិរទេសភិក្ខុលាស់ ឡាយ យកទៅផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម។

ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនា បានយកបណ្ឌិតលាស់ ឡាយ ទៅសម្លាប់រហូតដល់ពីរដង ប៉ុន្តែមិនបានសម្រេចដូចបំណងឡើយ។

នៅឆ្នាំ១៩៧៩ បណ្ឌិត លាស់ ឡាយ បានមកចូលក្រុងភ្នំពេញវិញ និងគង់នៅវត្តសន្សំកុសល រួចបានទៅបំពេញភិក្ខុភារៈឡើងវិញ នៅវត្តឧណ្ណាលោម ដោយមានព្រះវិន័យធរ ទេព វង្ស (កាលនោះមិនទាន់ឡើងព្រះឋានៈជាសម្តេចព្រះមហាសង្ឃរាជ) ជាព្រះឧបជ្ឈាយ៍។

ឆ្នាំ១៩៩៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើ ព្រះរាជក្រឹត្យតែងតាំងជាសម្តេចព្រះធម្មលិខិត។

ឆ្នាំ២០០១ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ទ្រង់ប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា។

ថ្ងៃទី៥ ធ្នូ ២០០២ សម្តេចព្រះមហាសុមេធាធិបតីទេព វង្ស ទ្រង់បានតែងតាំងសម្តេចព្រះធម្មលិខិតលាស់ ឡាយ ជាអនុគណ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្ងៃទី៤ ឧសភា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានងារជាព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានតែងតាំងសម្តេចជាអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ហើយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ត្រូវបានតែងតាំងសម្តេចជាប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះឋានៈជាសម្តេច ព្រះសង្ឃនាយករទី១ និងមានសិទ្ធិប្រើរាជស័ព្ទ ព្រមទាំងមានសិទ្ធិប្រើផ្លិតពិសេស…។

ក្រោយទទួលបានដំណឹង សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទទួលព្រះអនិច្ចធម្មភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព និងបានរៀបចំចាត់ចែងគណកម្មការរៀបចំពិធីបុណ្យទៀតផង ៕

RELATED ARTICLES