ខេត្តសៀមរាប ៖ ប្តីប្រពន្ធ២នាក់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច លុះក្រោយមក បុរសជាប្តីក៏បានទៅសុំខ្ចីលុយពីប្រពន្ធ១០ដុល្លារ តែដោយប្រពន្ធនៅខឹងមិនទាន់បានទើបមិនព្រមឱ្យ ស្រាប់តែបុរសជាប្តីឈឺចិត្តស្អិតទ្រូងរហូតដល់គិតខ្លីចងកសម្លាប់ខ្លួន ដោយឆ្លៀតពេលប្រពន្ធដេកលក់ក៏ចងកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីប្តីខឹងរឿងខ្ចីលុយពីប្រពន្ធ១០ដុល្លារអត់បាន បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះជនរងគ្រោះជាន់ទី២ ស្ថិតក្នុងក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឃួន ផុស អាយុ២៤ឆ្នាំ មុខរបរជាងចម្លាក់ មានស្រុកកំណើតនៅភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះសន ពុធសា ត្រូវជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងប្តី (ជនរងគ្រោះ) បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ប្តីរបស់នាងក៏បានមកសុំខ្ចីលុយពីនាងចំនួន១០ដុល្លារ ប៉ុន្តែនាងមិនព្រមឱ្យ និងប្រាប់ប្តីថា ឱ្យយកទូរស័ព្ទទៅបញ្ចាំទៅតែប្តីមិនព្រម។ បន្ទាប់មកប្តីនាងក៏មិនបានមាត់កអ្វីទៀតដែរដោយនៅដេកចុចទូរស័ព្ទក្នុងបន្ទប់ធម្មតា ចំណែកនាងក៏ប្រះខ្លួនដេកលង់លក់ទៅ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នាងភ្ញាក់ដឹងខ្លួនក៏បាត់ប្តីមិនឃើញនៅដេកក្បែរ តែក៏មិនបានចាប់អារម្មណ៍ដែរ នឹកស្មានថាប្តីក្រោកទៅបត់ជើងតូច។

រហូតដល់ម៉ោង៦ព្រឹកថ្ងៃដដែល ពេលដែលនាងភ្ញាក់ពីដេក នៅតែមិនឃើញប្តីនៅក្នុងបន្ទប់ទៀត ទើបនាងបានឡើងទៅជាន់លើរកមើលប្តី ក៏ស្រាប់តែប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនិងត្រូវម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ផ្នែកក្បាលនិងដងខ្លួន ព្រមទាំងអវៈយវៈពុំមានស្លាកស្នាមអ្វីទេ ចំណែកផ្នែកកមានស្នាមរឹតកប្រវែង២៥សង់ទីម៉ែត្រ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕