ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួនក្រោមដើមឈើ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យសព ខ្លាចក្រែងជាអំពើឃាតកម្ម។
ករណីប្រទះឃើញបុរសចំណាស់ចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងតុំ ឃុំចន្ត្រី ស្រុករមាសហែក។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះសោម លន់ អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងខេត្តកំពត និងបានមកសួរសុខទុក្ខកូននៅស្រុករមាសហែក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរកាត់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញសាកសពចងកនៅលើដើមឈើ ទើបកើតមានការភ្ញាក់ផ្អើល រត់មកប្រាប់អ្នកភូមិនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅជាប់នឹងខ្លួនសាកសពមានប្រាក់តែ១៥០០រៀលតែប៉ុណ្ណោះ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។

តាមការបញ្ជាក់ឱ្យដឹងពីអ្នកភូមិ បានឱ្យដឹងថា ជនរងគ្រោះបានមកសួរសុខទុក្ខកូន ហើយទំនងជាគ្មានសោហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកវិញ ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ទៅឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕