ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែខឹងសម្បានឹងរឿងប្រពន្ធធ្វើផ្ទះអស់លុយ ក៏កើតជាជម្លោះពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង រហូតដល់បុរសជាប្តីឈឺចិត្តស្អិតទ្រូង ទ្រាំមិនបានក៏ជិះម៉ូតូមកឈប់ក្នុងដីឡូតិ៍មួយកន្លែង រួចក៏ទាញយកសាំងមកចាក់ស្រោចខ្លួនដុតសម្លាប់ខ្លួនឯងបណ្តាលឱ្យភ្លើងឆាបឆេះ រលាកខ្លោចខ្លួនរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍បុរសចិត្តខ្លាំងចាក់សាំងដុតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
បុរសចិត្តខ្លាំងគិតខ្លីដែលចាក់សាំងដុតសម្លាប់ខ្លួន មានឈ្មោះប៉ក់ ម៉ុន អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1W- 2381 មកឈប់នៅចំណុចដីឡូតិ៍មួយកន្លែង (ទីតាំងកើតហេតុ)។

ប្រភពបានបន្តថា មួយសន្ទុះក្រោយមក ស្រាប់តែបុរសរងគ្រោះរូបនោះក៏បានយកសាំងមកចាក់ស្រោចខ្លួនរួចដុតសម្លាប់ខ្លួនឯងទាំងកំរោលតែម្តង ធ្វើឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបុរសរូបនោះរលាកខ្លោចខ្លួនរងរបួសយ៉ាងធ្ងន់។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានប្រទះឃើញបាននាំគ្នាជួយពន្លត់ភ្លើង រួចប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះជីវិត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យបុរសរងគ្រោះខាងលើគិតខ្លីចាក់សាំងដុតសម្លាប់ខ្លួនឯងនេះ គឺបណ្តាលមកពីជនរងគ្រោះបានខឹងនឹងរឿងប្រពន្ធធ្វើផ្ទះ អស់លុយដល់ទៅ៣ម៉ឺនដុល្លារ ទើបធ្វើឱ្យកើតមានជម្លោះក្នុងគ្រួសារ រហូតឈានដល់ការប៉ុនប៉ងផ្តាច់ជីវិតខ្លួនឯង តាមរយៈការចាក់សាំងដុតខ្លួនបែបនេះតែម្តង៕