ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ដើរចេញពីបន្ទប់ជួលសំដៅទៅធ្វើការរោងចក្រ ក៏ត្រូវបានក្រុមជនសង្ស័យមួយក្រុមប្រើល្បិចទម្លាក់យោងបោកប្រាស់ដោះយកគ្រឿងអលង្ការ យកលុយទូរស័ព្ទអស់ពីខ្លួន គិតជាប្រាក់ប្រមាណ១ពាន់ដុល្លារ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅកន្លៀតចេតិយក្នុងបរិវេណវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះ ដែលចាញ់ល្បិចទម្លាក់យោងអស់ពីខ្លួន មានឈ្មោះផាន់ ភ័ស្ត អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតក្នុងភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីបន្ទប់ជួល ឆ្ពោះទៅរោងចក្រកាត់ដេរនៅក្បែរនោះ ស្រាប់តែមានស្ត្រីជនសង្ស័យម្នាក់បានដើរមកសួរនាងថា មានរើសបានថង់មាសទេ មានគេជ្រុះបាត់ថង់មាស នាងឆ្លើយថាមិនដឹង ស្រាប់តែភ្លាមនោះក៏លេចមុខស្ត្រីសង្ស័យម្នាក់ទៀតមកប្រាប់ថា កុំមាត់គេរើសបាននិងថែមទាំងស្រាយមាត់ថង់ឱ្យនាងមើលទៀតផង ឃើញមាសក្រហមច្រាស។

ស្ត្រីរងគ្រោះបន្តថា បន្ទាប់មកស្ត្រីសង្ស័យបានបបួលនាងទៅចែកគ្នា រួចក៏នាំនាងឡើងជិះ ម៉ូតូចំនួន២គ្រឿង ម៉ាកសង់កូរ៉េមួយគ្រឿង និងម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង សរុប មានគ្នា៥នាក់ នាំគ្នាជិះទៅក្នុងបរិវេណវត្ត ត្រពាំងឈូក។
ស្ត្រីរងគ្រោះ បន្តថា បន្ទាប់មកក្រុមជន សង្ស័យ បានល្បួងនាងដោះយកគ្រឿងអលង្ការលុយទូរស័ព្ទអស់ពីខ្លួនរលីង រួចហុចថង់ក្រហមឱ្យកាន់ ហើយក៏បណ្តាក់គ្នាចាកចេញទៅបាត់អស់ម្តងមួយៗ រហូតដល់នាងចាំយូរពេកដើរវិលត្រឡប់មកផ្សារត្រពាំងពោធិ៍វិញ បង្ហាញថង់មាស សួរគេ ទើបដឹងថាជាខ្សែកកាឡៃ ធ្វើឱ្យភ្ញាក់ខ្លួនស្រែកទ្រហោយំតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះខាងលើបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ប៉ុន្តែនៅពេលសាកសួររឿងរ៉ាវ ទើបដឹងថា កើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោម ខណៈនោះជនរងគ្រោះត្រូវបានអ្នកសារព័ត៌មានជួយឌុបជូនទៅប៉ុស្តិ៍សំរោងក្រោម ដើម្បីដាក់ពាក្យបណ្តឹង៕