Monday, November 24, 2025
Homeព័ត៌មានជាតិសង្វៀនជល់មាន់លេងទាំងថ្ងៃ អាជ្ញាធរអត់ហ៊ានបង្ក្រាប

សង្វៀនជល់មាន់លេងទាំងថ្ងៃ អាជ្ញាធរអត់ហ៊ានបង្ក្រាប

ភ្នំពេញ ៖ សង្វៀនបញ្ជល់មាន់ដ៏ធំមួយស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងនិងរលូន ដោយមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបម្តងណាទ្បើយ។

ករណីនេះប្រជាពលរដ្ឋដាក់ការសង្ស័យថា មកពីម្ចាស់សង្វៀនមានខ្នងធំ ទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាបឬក៏សមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់ម្ចាស់សង្វៀន ទើបបានជាមិនដឹងនិងមើលមិនឃើញសង្វៀនមាន់ដែលមានក្រុមអ្នកលេងល្បែងស៊ីសងប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនបែបនេះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងសង្វៀនមាន់ខាងលើ បានឱ្យដឹងថា ទីតាំងខាងលើមានលេងល្បែងគ្រប់ប្រភេទ មិនត្រឹមតែមាន់ជល់ប៉ុណ្ណោះទេ មានទាំងបៀរអាប៉ោងគាបស៊ីគ្នាយ៉ាងសាហាវទៀតផង។

ចំណែកសមត្ថកិច្ចវិញមិនដែលឃើញចុះទៅបង្ក្រាបម្តងណាឡើយ មិនដឹងថាថ្នាក់លើមិនដឹង ឬក៏ ថ្នាក់ក្រោមបិទបាំងមិនឱ្យថ្នាក់លើដឹង។

ប៉ុន្តែពេលខ្លះ គេឃើញសមត្ថកិច្ចស្ថិតក្នុងឯកសណ្ឋានស៊ីវិល ចុះទៅអើតមួយសន្ទុះក៏ចេញមកវិញ ដូចជាសើមមាត់សើមកខ្លាំងណាស់។

ករណីខាងលើនេះ ពលរដ្ឋសំណូមពរទៅលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកម៉េង វិមានតារា អធិការខណ្ឌមានជ័យ មេត្តាជួយធ្វើការស្រាវជ្រាវនិងចុះបង្ក្រាប កុំបណ្តោយឱ្យមានបទល្មើសក្នុងមូលដ្ឋានតទៀត ដោយពលរដ្ឋកំពុងរង់ចាំមើលថា តើហ៊ានចុះចាប់សង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាក្តី យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES