Monday, November 24, 2025
Homeព័ត៌មានជាតិម៉ែរត់ទៅប្តឹងប៉ូលិស តាមពិតកូនស្រីទៅស្ទូចត្រី មានរឿងចឹងសោះ

ម៉ែរត់ទៅប្តឹងប៉ូលិស តាមពិតកូនស្រីទៅស្ទូចត្រី មានរឿងចឹងសោះ

ខេត្តសៀមរាប ៖ យុវតីម្នាក់បានចេញទៅស្ទូចត្រីនៅមាត់ស្ទឹងតែម្នាក់ឯង រួចក៏ស្រាប់តែរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹងនិងប្រទះឃើញសោះ លុះម្តាយបាត់កូនស្រីយូរពេកដើររកមិនឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយរក ស្រាប់តែស្អែកឡើងក៏មានគេប្រទះឃើញសាកសពកូនស្រីអណ្តែតទឹក ធ្វើឱ្យស្ត្រីជាម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង។

ករណីយុវតីលង់ទឹកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង។

រហូតមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ទើបមានគេប្រទះឃើញសាកសពយុវតីរងគ្រោះអណ្តែតនៅក្នុងទឹកស្ទឹងរលួស ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

យុវតីរងគ្រោះដែលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះសាំ ល្មត់ អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ  កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មានស្ត្រីម្នាក់ឈ្មោះផា ឡា អាយុ៥៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់យុវតីរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់បានបាត់ពីផ្ទះ តាំងពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩មកម៉្លេះ មិនដឹងជាដើរទៅណាទោះជាក្រុមគ្រួសារខំដើរតាមស្វែងរកយ៉ាងណាក៏មិនឃើញ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែលនោះ ក៏មានប្រជាពលរដ្ឋម្នាក់ឈ្មោះម៉ៅ មុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិរលួសខាងខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង បានមកកាប់ដើមឬស្សីនៅក្បែរចំណុចកើតហេតុ ក៏ប្រទះឃើញសាកសពយុវតីរងគ្រោះខាងលើលង់ទឹកស្លាប់អណ្តែតនៅក្នុងស្ទឹងរលួស ទើបរត់ទៅប្រាប់ប្រជាពលរដ្ឋនៅជិតនោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីដែលគួរឱ្យកត់សំគាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ យុវតីរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាំឱ្យយុវតីរងគ្រោះខាងលើលង់ទឹកស្លាប់នោះ គឺបណ្តាលមកពីយុវតីរងគ្រោះទៅស្ទូចត្រីនៅមាត់ស្ទឹង រួចក៏រអិលជើងធ្លាក់ទឹកលង់ស្លាប់តែម្តង។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES