ភ្នំពេញ ៖ ប្រាក់ជិត៥ម៉ឺនដុល្លារ ត្រូវបានជនសង្ស័យ១ក្រុមធ្វើសកម្មភាពគាស់យកចេញពីទូដែកមួយ ដែលទុកនៅក្នុងបន្ទប់ធ្វើការរបស់បុរសជនជាតិចិនម្នាក់ក្នុងអគាររោងចក្រកាត់ដេរមួយកន្លែងយីហោ “ហ្គ្រីនហ្វៀល ខេមបូឌា អ៊ិនដាស់ស្ទ្រីល ឯ.ក”។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដែលរោងចក្រកាត់ដេរខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់លុយខាងលើ ឈ្មោះ LI QIANG ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G52007632 ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ហើយលុយដែលបាត់បង់មានចំនួន៤៩.០០០ដុល្លារអាមេរិក។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា បុរសរងគ្រោះរូបនេះបានយកលុយចំនួន៨ម៉ឺនដុល្លារទៅទុកនៅក្នុងទូដែកមួយនោះ ដែលស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់គាត់។ លុះដល់ថ្ងៃទី២១ ខែតុលា មុនពេលកើតហេតុ១ថ្ងៃ គាត់បានដកយកលុយនោះចេញចំនួន៣១.០០០ដុល្លារ យកទៅចំណាយលើការងារផ្សេងៗក្នុងរោងចក្ររបស់ខ្លួនគាត់។

ប្រភពបន្តថា ចំណែកលុយដែលនៅសល់ពីការដកចេញខ្លះនោះចំនួន៤៩.០០០ដុល្លារ រក្សាទុកនៅក្នុងទូដែកនោះដដែល ហើយក៏មិនដឹងថាពេលដកលុយមាន នរណាខ្លះស្ថិតនៅក្បែរគាត់ បានឃើញលុយដែរឬអត់នោះឡើយ។
ប្រភពដដែលបានបន្តទៀតថា បុរសរងគ្រោះបានចាក់សោទូដែក និងបន្ទប់យ៉ាងត្រឹមត្រូវ មុននឹងចាកចេញពីបន្ទប់ ហើយមិនបានដឹងថាចោរចូលទៅលួចតាំងពីពេលណាមកទេ រហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់ធ្វើការ ស្រាប់តែឃើញអីវាន់រប៉ាត់រប៉ាយ ហើយទូដែកមានស្នាមគាស់និងបាត់លុយអស់រលីងទៅហើយ។

ប្រភពបន្ថែមថា ខណៈនោះគាត់បានហៅប្រធានរដ្ឋបាលរោងចក្រឱ្យទៅជួយមើលជាក់ស្តែង រួច ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាជាបន្ទាន់ភ្លាមៗដែរ៕