ភ្នំពេញ ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង៤០នាក់ ក្នុងចំណោមកូនតុងទីនសរុបជាង១០០នាក់ បានលើកគ្នាមកកាន់សាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ក្រោយពីបែកធ្លាយរឿងរ៉ាវថា មេតុងទីនឈ្មោះមាស សុគន្ធា បានប្រមូលលុយជាង២៦ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ស្រមោល។

តាមក្រុមជនរងគ្រោះបានឱ្យដឹងថា ស្ត្រីជាមេតុងទីនឆបោកលុយនោះ ឈ្មោះ មាស សុគន្ធា ជាសមត្ថកិច្ចទៀតផង មានលំនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានគេចខ្លួនបាត់ តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មកម៉្លេះ។

ចំណែកលុយដែលស្ត្រីសង្ស័យឆបោករត់គេចបាត់ប្រមាណជាង២៦ម៉ឺនដុល្លារ ជាលុយរបស់កូនតុងទីនសរុបជាង១០០នាក់។
កូនតុងទីនជាជនរងគ្រោះ បានឱ្យដឹងទៀតថា ស្ត្រីសង្ស័យឈ្មោះមាស សុគន្ធា ជាមេតុងទីន បានប្រើល្បិចប្រមូលលុយយកខ្លួនឯង ហើយឆ្លើយថា អ្នកនេះដេញបាន ឬអ្នកនោះដេញបាន ប៉ុន្តែធាតុពិតស្ត្រីសង្ស័យប្រមូលយកខ្លួនឯងស្ងាត់ៗ។

នៅពេលប្រមូលបានច្រើនគួរសមហើយ ស្រាប់តែនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩កន្លងមក ជនសង្ស័យវេចលុយរត់គេចទៅបាត់ស្រមោល ទើបកូនតុងទីនផ្អើលឆោឡោរត់ទៅប្តឹងអាជ្ញាធរទប់ស្កាត់ក្រែងជនសង្ស័យមកលួចលក់តូបលក់ផ្ទះទៀត។
ករណីមេតុងទីនវេចលុយរត់ចោលកូននេះ តែងកើតមានជាញឹកញាប់ ដោយល្បិចឆបោករបស់មេតុទីនដែលលើកហេតុផលថា អ្នកនេះដេញបាន អ្នកនោះដេញបាន មិនព្រមឱ្យកូនដេញយកនោះ ត្រូវគេប្រើដដែលៗ។

ប៉ុន្តែ នៅតែមានអ្នកជឿទុកចិត្ត បណ្តោយឱ្យមេតុងទីនបោកបានអស់ប្រាក់ម្នាក់ៗរាប់ម៉ឺនដុល្លារ ទើបផ្អើលឆោឡោរត់មកសុំជំនួយពីសមត្ថកិច្ច ប៉ុន្តែគេមិនដឹងថា តើសមត្ថកិច្ចអាចនឹងជួយបាន កម្រិតណានោះទេ៕