ខេត្តកំពង់ចាម ៖ បុរសញៀនស្រាម្នាក់ឱ្យតែបានផឹកស្រាដឹងតែភ្លេចបាយទឹកមិននឹកនាទាល់តែសោះ លុះក្រោយពីផឹកស្រវឹងជោកជាំ ប្រះខ្លួនដេកនៅក្នុងវត្តពេញ១យប់ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញស្លាប់រឹងស្តូក។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។

បុរសរងគ្រោះដែលដេកស្លាប់ខាងលើ មានឈ្មោះឃីម ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅមិនប្រាកដ សព្វថ្ងៃស្នាក់នៅក្នុងវត្តនគរបាជ័យ។
តាមការបំភ្លឺរបស់គណៈកម្មការវត្ត បានឱ្យដឹងថា ជនរងគ្រោះគឺជាអ្នកញៀនស្រាផឹករាល់ថ្ងៃ ហើយមកដល់យប់ថ្ងៃ២២ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះក្រោយពេលផឹកស្រាស្រវឹងជោគជាំហើយអត់អាហារ ក៏ដើរទៅដេកនៅក្នុងរោងទេវរូបក្នុងវត្តនគរបាជ័យ។

លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩វេលាម៉ោង៧ព្រឹកគណកម្មការវត្តឃើញជនរងគ្រោះស្លាប់តែម្តង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចម្ចូលដ្ឋានឱ្យចុះមកពិនិត្យ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចជំនាញបានចាត់វិធានការចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយមានការសហការជាមួយគ្រូពេទ្យនិងអាជ្ញាធរមូលដ្ឋាន។ លុះត្រួតពិនិត្យសពរួច បានបញ្ជាក់ថា នៅលើតួខ្លួនសពផ្នែកក្បាល ផ្នែក(ក) ផ្នែកដងខ្លួន និងផ្នែកអៈវយវៈ ពុំមានស្លាកស្នាមអ្វីឡើយ។

តាមការពិនិត្យកោសល្យវិច័យលើសាកសព និងការបំភ្លឺពីអ្នកនៅទីនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកស្រាស្រវឹងអត់អាហារ បណ្តាលឱ្យខ្យល់គរស្លាប់ខ្លួនឯងពិតប្រាកដមែន ពុំជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ប៉ូលិសបញ្ជាក់ថាតាមបញ្ជារបស់លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង៨ថ្ងៃដដែលបានប្រគល់សពទៅគណៈកម្មការវត្តយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕