ខេត្តសៀមរាប ៖ យុវជនម្នាក់បានទៅបង់ត្រីនៅតាមប្រឡាយទឹក លុះទៅដល់ក៏បានយកសំណាញ់រុំខ្លួន រួចចុះហែលទឹកទាំងសម្លៀកបំពាក់ បំណងឆ្លងទៅត្រើយម្ខាង ស្រាប់តែអកុសលហែលមិនរួចក៏បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចទឹកប្រឡាយថ្នល់ចាស់ ខាងត្បូងភូមិសួនសារ ឃុំយាង ស្រុកពួក ចម្ងាយប្រហែល៥០០ម៉ែត្រ។

យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឃួន មេសា អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងនៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានចេញទៅបង់ត្រីនៅតាមប្រឡាយថ្នល់ចាស់កន្លែងកើតហេតុ ជាមួយនឹងបងប្រុសម្នាក់ទៀត។ លុះពេលទៅដល់កន្លែងបង់ត្រី ជនរងគ្រោះពុំទាន់បានបង់ត្រីទេ ដោយគាត់បានយកសំណាញ់រុំខ្លួន ហើយចុះហែលបំណងឆ្លងប្រឡាយទៅច្រាំងម្ខាងទៀត ទាំងសំលៀកបំពាក់និងមួក។
ប្រភពបានបន្ថែមថា រំពេចនោះបងប្រុសរវល់ស្ទូចត្រី ស្រាប់តែងាកទៅមើលប្អូនហែលឆ្លងទឹក ឃើញតែមួកអណ្តែតទឹក ទើបដឹងថាប្អូនបានលង់ទឹក ហើយក៏រត់មករកអ្នកស្រុកឱ្យជួយនិងរាយការណ៍មកមត្ថិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នាធ្វើការជួយស្រង់សពជនរងគ្រោះទ្បើងគោក និងធ្វើកំណត់ហេតុ រួចប្រគល់សពជនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕