Monday, November 24, 2025
Homeព័ត៌មានជាតិដោះខ្សែកឲ្យគេ ប្តូរយកគ្រាប់កង់១កញ្ចប់... នាងយំហើមភ្នែក

ដោះខ្សែកឲ្យគេ ប្តូរយកគ្រាប់កង់១កញ្ចប់… នាងយំហើមភ្នែក

ភ្នំពេញ ៖ ស្ត្រីម្នាក់បានទៅធ្វើដំណើរទៅផ្សាររកទិញម្ហូប ស្រាប់តែជួបនឹងក្រុមជនសង្ស័យទម្លាក់យោងប្រើល្បិចបោកប្រាស់យកអស់ខ្សែកមាស៧ជី ដោយទទួលបានមកវិញគ្រាប់កង់១កញ្ចប់ លុះពេលភ្ញាក់ខ្លួនដឹងថាចាញ់បោកគេ បានត្រឹមអង្គុយយំហើមភ្នែកប៉ុណ្ណោះ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលចាញ់ល្បិចទម្លាក់យោងអស់ខ្សែកមាស៧ជី មានឈ្មោះធឹម សាម៉ីន អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកសម្ភារបាត់បង់អស់ខ្សែកមាស៧ជី។

តាមសម្តីស្ត្រីរងគ្រោះ បានយំរៀបរាប់ថា នាងមានប្តីធ្វើការងារនៅឯក្រុងបាវិត មានកូន២នាក់ នៅឯស្រុកកំណើត ចំណែកនាងជាកម្មការនីរោងចក្រ។

នៅមុនកើតហេតុ នាងបានធ្វើដំណើរទៅផ្សារព្រៃទារកទិញម្ហូប ស្រាប់តែបានជួបស្ត្រីសង្ស័យម្នាក់ បានដើរមកសួរនាងថា មានរើសបានថង់លុយអត់? មានគេជ្រុះបាត់ លុះនាងមិនទាន់ឆ្លើយផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀតមកប្រាប់ថា គេរើសបានកុំមាត់ខ្លាចគេឮ រួចក៏ស្រាយមាត់ថង់ឱ្យនាងមើលឃើញលុយ មាសក្រហមច្រាល។

ស្ត្រីរូបនេះបន្តថា ភ្លាមនោះ ស្ត្រីសង្ស័យទាំង២នាក់បានបបួលនាងឡើងជិះម៉ូតូមកដល់ចំណុចក្រោមស្ពានអាកាសថ្មើរជើងផ្លូវជាតិលេខ៤ ជម្ពូវ័ន ដោយប្រាប់ថា យកទៅចែកគ្នា។ លុះមកដល់ ស្ត្រីសង្ស័យក៏លួងលោមដោះយកខ្សែកមាសរបស់នាង ដែលមានទំងន់៧ជី ហើយបានប្រគល់ថង់ក្រហមមកឱ្យនាងទុក បន្ទាប់មកក៏នាំគ្នាគេចទៅបាត់អស់។

ក្រោយមក ដោយសារតែចាំយូរពេក ទើបនាងបានស្រាយមាត់ថង់មើល ស្រាប់តែឃើញសុទ្ធតែគ្រាប់កង់១កញ្ចប់ ទើបដឹងថាបាញ់បោកនឹកស្តាយស្រែកទហោយំ។

ស្ត្រីរងគ្រោះក្រោយពីចាញ់ល្បិចក្រុមទម្លាក់យោង ត្រូវបានម៉ូតូឌុបឃើញ ឌុបនាំជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើមម្បីឱ្យជួយស្រាវជ្រាវនិងតាមចាប់ក្រុមជនសង្ស័យជាមុខសញ្ញាដដែលៗខាងលើ៕

RELATED ARTICLES