ភ្នំពេញ ៖ នារីជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ត្រូវបានជនសង្ស័យ១ក្រុម ដោះយកគ្រឿងអលង្ការ មាសនិងយកលុយអស់ពីខ្លួន សរុប៥ពាន់ដុល្លារ ដោយដឹកយកនាងតាំងពីខេត្តព្រះសីហនុ មកទុកចោលនៅត្រង់ចំណុចនៅតាមផ្លូវក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីនេះត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញនាងអង្គុយយំ កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ហើយក៏បានដឹកយកទៅប្រគល់ជូននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យ ដើម្បីសួរនាំ។
ស្ត្រីរងគ្រោះរូបនោះបានប្រាប់ថា នាងឈ្មោះសាំ យ៉ាស់ អាយុ២១ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មានមុខរបរលក់អីវាន់បោះដុំ មានលំនៅក្នុងភូមិវាលរេញ សង្កាត់វាលរេញ ក្រុងព្រៃនប់ ខេត្តព្រះសីហនុ បាត់បង់គ្រឿងអលង្ការមាស ១តម្លឹងកន្លះ និងលុយ១២លានរៀល។

នាងមិនបានដឹងថា ខ្លួនឯងមានរឿងអ្វីកើតឡើងនោះទេ គឺគ្រាន់តែចាំបានថា នៅមុនពេលកើត ហេតុ នាងបានជិះម៉ូតូឌុប១គ្រឿងទៅកាន់ផ្សារវាលរេញ ដើម្បីយកលុយ១២លានរៀល ទៅសងម៉ូយថ្លៃទិញអ៊ីវាន់។
ប្រភពដដែលបានបន្តថា លុះពេលជិះម៉ូតូទៅដល់ផ្សារវាលរេញ នាងបានទិញទឹកសុទ្ធ១ដបផឹក ក៏ស្រាប់តែលែងដឹងខ្លួនរហូតតែម្តង លុះពេលដឹងខ្លួនស្រាប់តែមកស្ថិតនៅចំណុចខាងលើទៅវិញ។

ចំណែកលុយ ព្រមទាំងគ្រឿងអលង្ការមាសបាត់អស់ពីខ្លួន មិនតែប៉ុណ្ណោះមានអាការរវើរវាយវិលមុខខុសប្រក្រតីថែមទៀតផង។
បន្ទាប់ពីសង្កេតឃើញនារីរងគ្រោះរូបនេះ មានអាការមិនប្រក្រតីបែបនេះ នគរបាលសង្ស័យថា នាងត្រូវថ្នាំសណ្តំ ទើបប្រាប់ឱ្យបុរសម្នាក់ដែលត្រូវជាបងថ្លៃដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលភ្លាមៗដែរ ហើយនៅពេលធូរស្រាល ចាំមកដាក់ពាក្យបណ្តឹងជាក្រោយ៕