Monday, November 24, 2025
Homeព័ត៌មានជាតិលោកទាហានភូមិភាគពិសេស បួន តុលា កូនកើតបាន២ខែហើយ ប្រពន្ធតាមរក

លោកទាហានភូមិភាគពិសេស បួន តុលា កូនកើតបាន២ខែហើយ ប្រពន្ធតាមរក

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងទើបនឹងសរសៃខ្ចីម្នាក់បានអះអាងថា ប្តីរបស់នាងជាទាហានភូមិភាគពិសេស បានចុះចោលផ្ទះចោលប្រពន្ធកូនបាត់ដំណឹងអស់រយៈពេល៣ខែមកហើយ តាំងពីកូននៅក្នុងពោះ រហូតពេលនេះកូនសម្រាលបាន២ខែទៅហើយ នៅតែមិនឃើញលោកប្តីមកអើតឈ្ងោកសោះ ទុកឱ្យនាងរស់នៅកណ្តោចកណ្តែង គ្មានអ្នកជួយមើលថែ ហេតុនេះទើបនាងសូមប្រកាសហៅប្តីឱ្យចូលខ្លួនមកដោះស្រាយគ្នា ចង់បន្តឬបញ្ចប់ប្រាប់ឱ្យបានច្បាស់។

ស្ត្រីសរសៃខ្ចីដែលប្រកាសតាមរកប្តីខាងលើនេះ មានអាយុ២១ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រកាត់ដេរ សព្វថ្ងៃរស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកបុរសជាប្តី មានឈ្មោះបួន តុលា អាយុ២២ឆ្នាំ មុខរបរទាហានភូមិភាគពិសេស។

តាមសម្តីរបស់ស្ត្រីអភ័ព្វខាងលើបានរៀបរាប់ប្រាប់ថា ប្តីរបស់នាងបានចុះចេញពីផ្ទះអស់រយៈពេល៣ខែមកហើយ ពោលគឺចាប់តាំងពីនាងទើបនឹងមានផ្ទៃពោះ៩ខែ រហូតដល់សព្វថ្ងៃ នាងសម្រាលកូនបាន២ខែទៅហើយ នៅតែមិនទាន់ឃើញស្រមោលប្តីសោះ មិនដឹងជាស្លាប់រស់ឬសុខទុក្ខយ៉ាងណានោះទេ។

ស្ត្រីខាងលើបន្តថា នាងនិងប្តីបានស្គាល់ស្រទ្បាញ់គ្នាអស់រយៈពេល៥-៦ឆ្នាំហើយ មុននាំមកជួបឪពុកម្តាយ ក្រោយមកពួកនាងក៏បានរៀបការនឹងគ្នាពេញច្បាប់។ ហើយនៅមុនពេលដែលប្តីចុះចោលទៅនោះ គឺពេលដែលនាងចាប់ផ្តើមមានផ្ទៃពោះ គឺប្តីនៅតែចេញចូលមកអើតឈ្ងោកនាង និងកូនជាបន្តបន្ទាប់ដែរ។

ប្រភពបន្តដថា ក្រោយមកមិនដឹងយ៉ាងម៉េច តាំងពីនាងចាប់ផ្តើមពពោះ៩ខែ ជិតដល់ថ្ងៃសម្រាល បែរជាបាត់មុខប្តីឈឹងតែម្តង លុះពេលនេះកូនកើតមកបាន២ខែហើយ ក៏ប្តីនៅតែមិនខ្ចីមកមើលមុខកូនទៀត។

ជាចុងក្រោយ ស្ត្រីរងគ្រោះខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានដឹង ឬស្គាល់បុរសជាប្តីនាង សូមជួយផ្តល់ដំណឹងឱ្យនាងបានដឹងផង។

ពិសេសបើលោកប្តីបានឃើញហើយ មេត្តាជួយផ្តល់ដំណឹងជាបន្ទាន់ គួរធ្វើយ៉ាងណាចង់បន្ត ឬបញ្ចប់ប្រញាប់ចូលខ្លួនមកដោះស្រាយគ្នាឱ្យបានដាច់ស្រេចផង កុំបណ្តោយឱ្យប្រពន្ធកូនទន្ទឹងចាំផ្លូវបែបនេះទៀត៕

RELATED ARTICLES