ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ឃាត់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធទៅនឹងករណីសមគំនិតរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្រុងសៀមរាប កាលពីអំឡុងឆ្នាំ២០១៤ កន្លងទៅ។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ហើយបានធ្វើការសាកសួររួច ក៏រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតែម្តង។
ប្រភពដដែលបន្តថា ដំណើររឿងនេះគឺដោយសារស្ត្រីរូបនេះមានក្រុមការងាររកស៊ីរឿងលុយកាក់ ហើយពេលស្ត្រីរូបនេះប្រមូលបានក៏គេចខ្លួនបាត់។ ប្រតិបត្តិការនេះ សមត្ថកិច្ចអនុវត្តន៍ទៅតាមដីការបស់លោកលឹម សុគន្ធារ៉ា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។

ប្រភពដដែលបន្តទៀតថា នៅក្នុងដីកាបានបញ្ជាក់ថា បង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឡោ សុខស៊ីថា ភេទស្រី អាយុ៣១ឆ្នាំ ទីកន្លែងកំណើតសង្កាត់បឹងកេងកង១ ខណ្ឌទួលគោក ក្រុងភ្នំពេញ។ អាស័យដ្ឋានបច្ចុប្បន្ន នៅភូមិ-តាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ប្រភេទទោសតាមអំណាចសាលក្រម ៖ ទោសដាក់ពន្ធនាគារកំណត់០២ឆ្នាំ ០៣ខែ ពីបទ “សមគំនិតរំលោភលើទំនុកចិត្ត” ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីនិងអំឡុងឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩, ៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ ។
ករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅតុលាការ និងបានបញ្ជូនទៅដាក់ពន្ធនាគាររួចហើយ នាពេលថ្មីៗនេះ៕