Monday, November 24, 2025
Homeព័ត៌មានជាតិមកដល់ព្រឹកនេះ រកមិនទាន់ឃើញទៀត ដោយស្នាដៃអាគាត់នេះ

មកដល់ព្រឹកនេះ រកមិនទាន់ឃើញទៀត ដោយស្នាដៃអាគាត់នេះ

ខេត្តបន្ទាយមានជ័យ : បុរសវ័យចំណាស់ម្នាក់​ជាយោធិនចូលនិវត្តន៍បានជិះទូកដាក់មង នៅតាមស្ទឹងសិរីសោភ័ណ ស្រាប់តែត្រូវក្មេងស្ទាវដែលផឹកសុីស្រវឹងក៏បាននាំគ្នារៀនបើកម៉ូតូទឹក ស្រាប់តែជ្រុលបុកចំជនរងគ្រោះ បណ្តាលឲ្យក្រឡាប់ទូកធ្លាក់ចូលទៅក្នុងទឹកលិចបាត់ ភ្លាមនោះជនបង្កបានព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះ​ បានកើតមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦និង០០នាទី ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

ជនរងគ្រោះមានឈ្មោះ ឡាំង សាវិន ភេទប្រុស អាយុ៥២ឆ្នាំ ជាយោធិនចូលនិវត្តន៍ រស់នៅភូមិកើតហេតុខាងលើ ចំណែកជនសង្ស័យមានឈ្មោះ លី ចិន្តា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជាងផ្សារដែក រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ស៊ីឌី​ អធិការស្រុកសេរីសោភណ្ឌ បានឲ្យ​ដឹង​ទៀតថា​ នៅមុន​ពេល​កើតហេតុ​នោះ​ មាន​យុវជន​១​ក្រុម​នាំគ្នា​អង្គុយ​ផឹក​នៅ​មាត់​ស្ទឹង​ ​តាំងពី​ម៉ោង​៤​ល្ងាច រួចហើយ​បាន​នាំគ្នា​ចុះទៅ​រៀន​បើក​ម៉ូតូ​ទឹក​នៅ​ម្តុំ​ស្ពានថ្ម​ថ្មី​ ។ ពេលកំពុងរៀនបើកម៉ូតូទឹកនោះ ​ដោយមិនចាប់អារម្មណ៍ផងនោះ ស្រាប់តែបានបុកចំជនរងគ្រោះដែលកំពុង​ជិះទូក​ដាក់​មង​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​ទឹកស្ទឹង​បាត់​​​តែម្តង​ ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល។

លោក​វរសេនីយ៍ឯក ស៊ីឌី បានបន្ថែមថា ក្រោយពេលទទួលដំណឹងភ្លាម លោកបានដឹកនាំ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​១​ក្រុម​ ចំណែកលោក​វរសេនីយ៍ត្រី​យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ ចុះ​ធ្វើ​អន្តរាគមន៍​ដេញចាប់​ជនបង្ក​ ហើយ​ក្រោយ​មក​បាន​ជួយ​រុករក​សាកសពជនរងគ្រោះ រហូតដល់​ម៉ោង​១០​យប់​ តែរក​មិនទាន់ឃើញ​ទៀត​។

មកដល់ព្រឹកនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទូក អួន និង​សម្ភារៈ​ជា​ច្រើន​ទៀត ដើម្បីបន្តការរកសពជនរងគ្រោះទៀត ប៉ុន្តែនៅតែរកមិនទាន់ឃើញ។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរជនបង្ក ដើម្បីរៀបចំសំណុំរឿងបញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់​ទៅតាម​ផ្លូវច្បាប់​៕

RELATED ARTICLES