Monday, November 24, 2025
Homeព័ត៌មានជាតិភ្ញៀវទេសចរណ៍ជនជាតិស្វីស វង្វេងក្នុងព្រៃនៅកោះរ៉ុង ទាំងយប់... ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាកម្លាំងដើរតាមរក

ភ្ញៀវទេសចរណ៍ជនជាតិស្វីស វង្វេងក្នុងព្រៃនៅកោះរ៉ុង ទាំងយប់… ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាកម្លាំងដើរតាមរក

ក្រុងកោះរ៉ុង៖  នារីបរទេសជាភ្ញៀវទេសចរណ៍ម្នាក់បានទៅលេងកម្សាន្ត ហើយបានវង្វេងក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកទាំងយប់រហូតប្រទះឃើញ និងសង្គ្រោះប្រកបដោយសុវត្ថិភាព ហើយនាងបានសប្បាយចិត្តក្រៃលែង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីជនបរទេសបាត់ខ្លួននេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩និង០៨នាទីយប់ នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយត្រូវបានប្រទះឃើញវិញនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃដដែល នៅចំណុចក្នុងព្រៃជិតឆ្នេរឡុងប៊ិច សង្កាត់កោះរ៉ុង។

សមត្ថកិច្ចបានបន្តថា ភ្ញៀវទេសចរណ៍បរទេសម្នាក់ ឈ្មោះ Honegger Jill ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិស្វីស។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត័មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាលទេសចរណ៏, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម និងចូលរួមពីប្រជាពលរដ្ឋ ជនបរទេសនៅតំបន់នោះផង បានចុះដើរស្វែងរកទាំងយប់ ហើយបានរកឃើញស្ត្រីជនបរទេសរូបនោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡងប៊ិចសង្កាត់កោះរ៉ុងនៅវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃដដែល។

បច្ចុប្បន្ន ស្ត្រីជនបរទេសរូបនេះសមត្ថកិច្ចបានបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ប្រកបដោយសុវត្ថិភាពហើយ៕

RELATED ARTICLES