ខេត្តកំពត ៖ បុរសជាជនជាតិចិនម្នាក់បានចូលផឹកស៊ីច្រៀងលេងក្នុងហាងខារ៉ាអូខេមួយកន្លែង លុះផឹកស្រវឹងធ្លាក់ភ្នែកក៏បែកគំនិតចាប់សើយសំពត់នារីខារ៉ាអូខេម្នាក់ ធ្វើឱ្យនារីរងគ្រោះខឹងក៏យកដៃរុញមុខបុរសចិននោះ ស្រាប់តែត្រូវប្រុសចិនផ្ទុះកំហឹងទះកំផ្លៀងនារីរងគ្រោះថែម១ដៃទៀត ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះចាប់ក្របួចប្រុសចិនរពឹសដៃនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេយីហោ “នគរមាស” ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ជនសង្ស័យខាងលើ មានឈ្មោះ Wang Jinzhen ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិចិន មុខរបរអ្នកក្រឡុកបេតុង កាន់លិខិតឆ្លងដែនលេខ ED3103437 ស្នាក់នៅភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំណែកនារីរងគ្រោះមានអាយុ២៩ឆ្នាំ មុខរបរជាអ្នកបម្រើការងារនៅក្នុងហាងខារ៉ាអូខេខាងលើ ស្នាក់នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើរួមនិងមិត្តភក្តិ១ក្រុមបាននាំគ្នាចូលផឹកស៊ីច្រៀងខារ៉ាអូខេក្នុងហាងខាងលើ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក ឃើញនារីរងគ្រោះចូលមកអង្គុយផឹកកំដរជនជាតិចិនដែលជាមិត្តភក្តិរបស់ខ្លួន ស្រាប់តែជនសង្ស័យបែកគំនិតចូលទៅធ្វើសកម្មភាពចាប់សើយសំពត់នារីរងគ្រោះឡើងលើ ធ្វើឱ្យនារីរងគ្រោះខឹងក៏បានយកដៃរុញមុខរបស់ជនសង្ស័យ។

ប្រភពបានបន្ថែមថា ភ្លាមនោះស្រាប់តែជនសង្ស័យផ្ទុះកំហឹងស្ទុះទៅទះកំផ្លៀងនារីរងគ្រោះមួយដៃថែមទៀត ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់បុគ្គលិកខារ៉ាអូខេចូលមកជួយអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនជនបង្កហេតុនាំយកទៅសាកសួរ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនានិងចាត់ការតាមនីតិវិធី៕