Monday, November 24, 2025
Homeព័ត៌មានជាតិរពឹសដៃខុសរឿង... ចុងក្រោយបានត្រឹមស្តាយក្រោយ

រពឹសដៃខុសរឿង… ចុងក្រោយបានត្រឹមស្តាយក្រោយ

ខេត្តកណ្តាល ៖  ក្មេងស្ទាវឈាមរាវម្នាក់នៅសុខៗរពឹសដៃទាញដុំថ្មគប់រ់ថយន្តរបស់គេដែលកំពុងបើកបរនៅលើដងផ្លូវ បណ្តាលឱ្យបែកកញ្ចក់មួយផ្ទាំងខាងមុខ លុះអ្នកបើករថយន្តដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះអូសកយកមកចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនាគប់កញ្ចក់រថយន្តរបស់គេបណ្តាលឱ្យបែកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៨នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៣-២៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ។

ជនរងគ្រោះមានចំនួន៣នាក់ ៖

ទី១-ឈ្មោះអ៊ឹម សុចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអាជីវករ មានលំនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ទី២-ឈ្មោះហុន ព្រឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត។

និងទី៣-ឈ្មោះជឿន សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូរថយន្ត។ ទាំង២នាក់មានលំនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយឡែក ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះពេជ្រ ប៊ុនណារ៉ុង ហៅធុយ ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានលំនៅភូមិឃុំកើតហេតុខាងលើ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោម
ជាលទ្ធផល (វិជ្ជមាន)។ វត្ថុតាងចាប់យកដុំឥដ្ឋប្រហោង១ដុំ។ សម្ភារខូចខាត បែកកញ្ចក់រថយន្តផ្នែកខាងមុខ១ផ្ទាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុដើមបណ្តឹងជាម្ចាស់រថយន្ត បានប្រើឱ្យកម្មកររបស់ខ្លួន ឈ្មោះហុន ព្រឿង និងព្រូឈ្មោះជឿន សុភា បើករថយន្ត១គ្រឿង ម៉ាក FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-3892 ដឹកអីវ៉ាន់ដាក់ឱ្យម៉ូយ។

ប្រភពបានបន្តថា ពេលដែលដាក់អីវ៉ាន់ឱ្យម៉ូយរួច ជនរងគ្រោះបានបើករថយន្តត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យបានចេញពីផ្លូវលំ យកដុំឥដ្ឋប្រហោងគប់សំដៅទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកខាងមុខ បណ្តាលឱ្យបែកខូចខាត ទាំងស្រុងតែម្តង។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ដើម្បីឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES