ភ្នំពេញ ៖ ច្រកចេញចូលតាមឌឿនហែមមួយកន្លែងក្នុងសង្កាត់បឹងសាឡាង ត្រូវបានកកស្ទះដោយសាររថយន្តម៉ាកតូយ៉ូតាកាមរីហាយប៊្រីដ មួយគ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណជិះយកមកប្លុងចោលមិងដឹងតាំងពីពេលណា ហើយគេចខ្លួនទៅបាត់។
ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកូនខ្ចី សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តដែលគេយកមកប្លុងចោលនោះ ម៉ាកតូយ៉ូតាកាមរីហាយប៊្រីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-7314។ រថយន្តមួយនេះអាចមកពីអ្នកបើកបរស្រវឹងបានបើកចូលតាមច្រកនេះ ហើយបើកចេញទៅវិញមិនរួច ក៏ទុកចោលតែម្តង។
ចំណែកពលរដ្ឋខ្លះទៀតក៏និយាយដោយសង្ស័យថា រថយន្តនេះអាចត្រូវក្រុមចោរលួចបានហើយ តែគេចមិនរួច ក៏យកមកប្លុងចោលនៅទីនេះ ហើយគេចខ្លួនបាត់ស្រមោលតែម្តងទៅ។

ក្រោយភ្ញាក់ផ្អើល ព្រោះស្ទះផ្លូវច្រកឌឿងហែមចេញចូលមិនរួច ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក យករថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌបណ្តោះអាសន្នសិន ដើម្បីស្វែងរកម្ចាស់និងសួរនាំរឿងនេះឱ្យបានដឹងច្បាស់…។
ចំណែកនៅផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក យានដ្ឋានជុសជុលរថយន្ត២កន្លែងចតរថយន្តតាមផ្លូវ អនាធិបតេយ្យ ស្ទះរកធ្វើដំណើរមិនរួច ប៉ូលិសប៉ុស្តិ៍បឹងសាឡាង ខ្សោយ គ្មានបើកភ្នែកមើលសុខទុក្ខរាស្ត្របន្តិចសោះ ប្រហែលជាដាក់ខែយកលុយហើយ បានជាបណ្តែតបណ្តោយឱ្យយានដ្ឋានជុសជុល២នេះ បង្កភាពអនាធិបតេយ្យតាមផ្លូវ៣២៤ បែបនេះ… បើខ្ជិលធ្វើការទេ ដោះស័ក្តិ ក្រវាត់ចោល ទៅ!…៕