ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ PCX មួយគ្រឿងបានសម្រេច ហើយជិះយកទៅដោះដូរគ្រឿង ប្រជាពលរដ្ឋសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ លុះគ្រាន់តែក្រឡេកឃើញសមត្ថកិច្ចក៏ស្ទុះរត់គេចត្រូវកម្លាំងដេញតាមធ្លាក់ទឹក ទើបចាប់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកម៉ូតូដែលជនសង្ស័យលួចម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FK-2416។

តាមសម្តីជនសង្ស័យគ្រាន់តែឱ្យដឹងថា ខ្លួនបានលួចម៉ូតូមួយគ្រឿងខាងលើនៅតាមមហាវិថីឈ្នះ-ឈ្នះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តែមិនច្បាស់ចំណុចភូមិ-សង្កាត់ ហើយអូសយកមកដាក់នៅក្នុងបរិវេណសាលារៀនជម្ពូវ័ន ដោះដូរគ្រឿងមួយចំនួន លុះដល់វេលាម៉ោងខាងលើ ប៉ូលិសមកដល់ទើបគេរត់ក៏ត្រូវចាប់ខ្លួនបានតែម្តង។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យខាងលើនេះគេធ្លាប់ស្គាល់ឃើញជាកម្មករលីសែងអីវ៉ាន់ ពុំមានម៉ូតូជិះទេ លុះឃើញមានម៉ូតូក៏ងឿងឆ្ងល់ នៅវេលារសៀលថ្ងៃទី១៥ តុលា ឆ្លៀតពេលដែលជនសង្ស័យទុកម៉ូតូចោល រវល់ទៅរកកូនសោ នាំគ្នាទៅពិនិត្យមើលគ្រាប់សោម៉ូតូបែកអស់ ទើបសង្ស័យជាម៉ូតូកាច់កក៏រាយការណ៍ប្រាប់សមត្ថកិច្ច គ្រាន់ក្រឡេកឃើញជនសង្ស័យបានព្យាយាមរត់គេចធ្លាក់ទឹក ត្រូវសមត្ថកិច្ចដេញតាមចាប់ទាល់តែបាន។

ជនសង្ស័យបានសារភាពថា ម៉ូតូនេះគឺរូបគេលួចយកមកពិតមែន ទើបសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

