ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានចុះធ្វើការចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់និងរំលោភលើទំនុកចិត្ត យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់ថា ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរូបនេះ មានឈ្មោះហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ដោយឡែក ប្តីរបស់ស្ត្រីរូបនេះ ឈ្មោះអ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួនផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ជនរងគ្រោះបានរៀបរាប់ថា ឈ្មោះហេង សេដ្ឋាលីដា និងប្តីឈ្មោះអ៊ាង ម៉េងយូ បានខ្ចីលុយរបស់ខ្លួនជាង៧ម៉ឺនដុល្លារ លុះដល់ថ្ងៃកំណត់ត្រូវសង បែរជាគេចវេស ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញតែម្តង។

ក្រោយធ្វើការសួរនាំ នៅពេលនេះស្ត្រីខាងលើត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕