ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់បានចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ លុះម្ចាស់ផ្ទះគេទាន់ផ្អើលឆោឡោក៏ទាញយកកាំបិតចាក់កូនម្ចាស់ផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់។ រីឯចោរដែលចូលលួចនោះត្រូវបានម្ចាស់ផ្ទះព្រួតគ្នាតបតដៃវិញបណ្តាលឱ្យរងរបួសធ្ងន់ មុននឹងអូសកប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្នុងលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

ម្ចាស់ផ្ទះដែលចោរចូលលួចទ្រព្យសម្បត្តិនោះ មានឈ្មោះហេង ផេង ភេទស្រី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកជនរងគ្រោះជាកូនម្ចាស់ផ្ទះ ដែលត្រូវជនសង្ស័យចាក់ឱ្យរងរបួស មានឈ្មោះយ័ន សុផល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ។

ដោយឡែក ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជឿន តឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កែ ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ លំនៅឋានលោកស្រីហេង ផេង ត្រូវបានចោរចូលមកលួចទ្រព្យសម្បត្តិ តែលួចមិនទាន់បានផង ខណៈនោះកូនម្ចាស់ផ្ទះដឹងទាន់ក៏ចុះមកមើល ស្រាប់តែចោរនោះបានយកកាំបិតចាក់មកលើកូនម្ចាស់ផ្ទះបណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកូនមុំ។

លោកវរសេនីយ៍ត្រី រស់ វណ្ណា បានបន្តថា ក្រោយកើតហេតុ កម្លាំងអាវុធហត្ថស្រុកនិងកម្លាំងនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់វិធានការទៅតាមផ្លូវច្បាប់៕