Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចស្តាប់ចម្លើយសារភាពរួចហើយ គ្រវីក្បាលហួសចិត្តគ្រប់គ្នា

សមត្ថកិច្ចស្តាប់ចម្លើយសារភាពរួចហើយ គ្រវីក្បាលហួសចិត្តគ្រប់គ្នា

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសអកតញ្ញូម្នាក់ក្រោយពីប្រើថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏បង្ករឿងអុកឡុកពេញផ្ទះដោយសុំលុយម៉ែយកទៅជក់ថ្នាំញៀនបន្ត តែម្តាយមិនឱ្យ ក៏ស្ទុះទៅវាយម្តាយបង្កើតខ្លួនឯងបណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ជាកូនប្រុសឈាមខ្មៅត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសវ៉ៃម្តាយបង្កើតខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៨នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន មានឈ្មោះឃឹម សុធា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណីហិង្សាប្រព្រឹត្តក្នុងគ្រួសារនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនបានចំនួន១នាក់ ។

ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន និងវាយបំផ្លាញទ្រព្យសម្បត្តិពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES