ខេត្តកណ្តាល ៖ ស្ត្រីជាមេតុងទីនម្នាក់បានជិះម៉ូតូដើរប្រមូលលុយតុងទីនសុខៗ ក៏ស្រាប់តែត្រូវបុរសល្មោភកាមម្នាក់បានដើរមកចាប់ឱបថើបទាំងកំរោល ធ្វើឱ្យស្ត្រីរងគ្រោះខឹងក៏ប្រឹងប្រតាយប្រតប់រើបម្រះរួចក៏ស្ទុះទៅទាញខ្សែភ្លើងវាត់វាយជនល្មោភកាម៣ខ្សែភ្លើង រួចក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យខាងលើ នាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសព្រានចាប់ស្រីថើបទាំងថ្ងៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង។

ជនសង្ស័យដែលចាប់ស្រីថើប១ខ្សឺត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនេះ មានឈ្មោះអឿ គីមយាង អាយុ៤០ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង។
ចំណែកស្ត្រីរងគ្រោះមានអាយុ៤៦ឆ្នាំ មុខរបរមេតុងទីន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនមកផ្ទះកូនតុងទីននៅភូមិពោធិ៍លើ ដើម្បីប្រមូលលុយតុងទីនគេ។ ខណៈពេលដែលកំពុងតែឈរនិយាយគ្នាជាមួយកូនតុងទីន ស្រាប់តែមានបុរសម្នាក់ឈ្មោះអឿ គឹមយាង បានចូលមកចាប់ឱបថើបស្ត្រីរងគ្រោះតែម្តង។

ប្រភពដដែលបន្តទៀតថា ស្របពេលនោះស្ត្រីរងគ្រោះបានប្រវាយប្រតប់និងទាញយកខ្សែភ្លើងវ៉ៃទៅលើបុរសរូបនោះ២-៣ខ្សែភ្លើង ធ្វើឱ្យបុរសរូបនោះអន់ចង់ក៏ដើរចេញមកផ្លូវបាត់ បន្ទាប់មកស្ត្រីរងគ្រោះកើតទុក្ខមិនសុខចិត្តក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនល្មោភកាមនាំយកមកចាត់ការតាមច្បាប់តែម្តង។
ក្រោយពេលបានទទួលព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនបុរសរូបនោះមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕