Monday, November 24, 2025
Homeព័ត៌មានជាតិគ្រាន់តែអើតមើលក្នុងអណ្តូងភ្លាម... ខលហៅពូមកប្តឹងសមត្ថកិច្ច

គ្រាន់តែអើតមើលក្នុងអណ្តូងភ្លាម… ខលហៅពូមកប្តឹងសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់បានដឹកគោចេញទៅឱ្យស៊ីស្មៅនៅក្បែរអណ្តូងទឹក១កន្លែង ស្រាប់តែធុំក្លិនស្អុយចម្លែកចេញពីក្នុងអណ្តូងទើបអើតទៅរកមើល ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមស្អុយរលួយអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ករណីប្រទះឃើញសាកសពហើមស្អុយក្នុងអណ្តូងទឹកខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអណ្តូងទឹក១កន្លែង និងដីឡូតិ៍ក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សាកសពបុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំ មានសភាពហើមស្អុយរលួយទៅហើយ។

តាមសម្តីបុរសឈ្មោះសោ សារ៉ាត់ អាយុ៣២ឆ្នាំ ជាអ្នកយាមដីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដឹកគោឱ្យស៊ីស្មៅនៅក្បែរអណ្តូងទឹកខាងលើ លុះទៅដល់ក្បែរនោះក៏ស្រាប់តែធុំក្លិនស្អុយចម្លែកខុសពីធម្មតា ពេលនោះគាត់បានទៅអើតមើលក្នុងអណ្តូង ក៏ប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយបាត់ទៅហើយ។

ប្រភពបានបន្តថា បន្ទាប់មកគាត់បានទៅប្រាប់ដល់ម្តាយឱ្យបានដឹង រួចបានខលប្រាប់ពូដែលជាមន្ត្រីយោធាឱ្យជួយរាយការណ៍ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ឱ្យចុះទៅពិនិត្យមើលភ្លាមៗតែម្តង។

ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យជាក់ស្តែង ហើយបានឃើញសាកសពស្លាប់ក្នុងស្ថានភាពស្លៀកតែខោលីអូជាប់ខ្លួនមួយប៉ុណ្ណោះ ហើយពុំដឹងថាជាករណីឃាតកម្ម ឬបែបណានៅឡើយទេ។

ពេលនេះ កម្លាំងប៉ុស្តិ៍បានរាយការណ៍សុំកម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យកោសល្យវិច័យ ដើម្បីបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារមូលហេតុអ្វីពិតប្រាកដ៕

RELATED ARTICLES