Monday, November 24, 2025
Homeព័ត៌មានជាតិផឹកស្រវឹងវង្វេងផ្លូវទៅផ្ទះ ធ្ងន់កអ្នករត់កង់បី

ផឹកស្រវឹងវង្វេងផ្លូវទៅផ្ទះ ធ្ងន់កអ្នករត់កង់បី

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ទើបនឹងចេញពីផឹកស៊ីក្នុងក្លឹបរាត្រីស្រវឹងជោកជាំ ក៏ហៅម៉ូតូកង់បីឱ្យដឹកជូនទៅផ្ទះវិញ តែដោយសារស្រវឹងខ្លាំងពេកធ្វើឱ្យវង្វេងផ្លូវទៅផ្ទះដោយខ្លួនឯង ម្តងឱ្យម៉ូតូកង់បីជូនទៅនេះម្តងឱ្យជូនទៅនោះ លុះប្រពន្ធដឹងថាវង្វេងផ្លូវប្រាប់កង់បីឱ្យឈប់ ក៏ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង បង្ករឿងឈ្លោះហូតខ្សែក្រវាត់វ៉ៃអ្នករត់កង់បី បណ្តាលឱ្យពកក្បាលផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍តាំងយប់។

ករណីខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ប្តីប្រពន្ធស្រវឹងដែលហៅម៉ូតូកង់បីជិះរួចបង្កអំពើហិង្សាវ៉ៃអ្នករត់កង់បីពកក្បាល មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកភាគីអ្នករត់កង់បីក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពីពីបុរសជាអ្នករត់ម៉ូតូកង់បី បានរៀបរាប់ដោយសុំមិនបញ្ចេញឈ្មោះថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធខាងលើបានហៅកង់បីរបស់គាត់ឱ្យឌុបចេញពីក្លឹបប្លូឡាញ ម្តុំផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ក្នុងគោលបំណងទៅផ្ទះវិញនៅម្តុំផ្សារទំនើបអ៊ីអន១ ខណ្ឌចំការមន។

លុះរូបគាត់ឌុបដល់ពាក់កណ្តាលផ្លូវ ស្រាប់តែបុរសជាប្តីបែរជាឱ្យគាត់ដឹកឡើងស្ពានអាកាសស្ទឹងមានជ័យ ទៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនវិញ។

ប្រភពដដែលបន្តថា ពេលនោះដែររូបគាត់ក៏ជិះតាមសម្តីភ្ញៀវ រហូតដល់ជិតនឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ត្រូវស្ត្រីជាប្រពន្ធបានឱ្យរូបគាត់ឈប់ម៉ូតូកង់បីចុះ ព្រោះដឹងថា ប្តីរបស់គាត់វង្វេងផ្លូវហើយ តែនៅពេលរូបគាត់បានឈប់ម៉ូតូនោះ ក៏ស្រាប់តែបុរសជាប្តីរករឿងហើយហូតខ្សែក្រវាត់វាយមកលើរូបគាត់បណ្តាលឱ្យពកក្បាល ទើបមានការឆោឡោផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងសាកសួរបុរសជាប្តី តែបុរសរូបនោះគិតតែពីឆ្ការដៃឆ្ការជើង មិនព្រមស្តាប់សមត្ថកិច្ចសោះ សូម្បីតែប្រពន្ធខំយំអង្វរឱ្យទៅផ្ទះវិញ ក៏បុរសជាប្តីមិនព្រមស្តាប់ដែរ រហូតទាល់តែខាងប្រពន្ធហៅបងប្អូនមកជួយនិយាយ ក៏នៅតែមិនស្តាប់ទៀត។

ក្រោយមកបុរសអ្នករត់កង់បីមិនបានប្តឹងផ្តល់អ្វីនោះទេ ហើយពីរនាក់ប្តីប្រពន្ធក៏ត្រូវបានសមត្ថកិច្ចជួយលួងលោមឱ្យជិះម៉ូតូជាមួយនឹងសាច់ញាតិត្រឡប់ទៅផ្ទះវិញបាត់ដែរ៕

RELATED ARTICLES