ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច ផាន់ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ បច្ចុប្បន្នភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ជើងកើប និងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានអនុវត្តដីកាធ្វើការចាប់ខ្លួនឈ្មោះទូច ផាន់ណាក់ ពីបទរំលោភយកដី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៥ នៅចំណុចភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

សមត្ថកិច្ចបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមដីកាលេខ៧៧៥ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១០ របស់លោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕