Monday, November 24, 2025
Homeព័ត៌មានជាតិម្ចាស់បំណុលក្លាយជាអ្នកទោស ព្រោះឆក់ទូរស័ព្ទកូនបំណុល

ម្ចាស់បំណុលក្លាយជាអ្នកទោស ព្រោះឆក់ទូរស័ព្ទកូនបំណុល

ភ្នំពេញ ៖ យុវជនម្នាក់បានដើរទៅទារលុយមិត្តភក្តិរួមការងារជាមួយគ្នា តែទារអត់បានក៏បែកគំនិតឆក់ទូរស័ព្ទរបស់គេរត់គេចខ្លួន លុះខឹងម្ចាស់ទូរស័ព្ទដេញតាមក៏ទាញដុំថ្មគប់រយះក្បាលហូរឈាមស្រោចខ្លួន ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋចូលឃាត់  ស្រាប់តែគំរាមកាប់គេកាប់ឯងទៀត ជាហេតុធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងព័ទ្ធចាប់ រួចវាយតប់ម្នាក់១ដៃ១ជើងទ្រមខ្លួន ទើបប្រគល់ឱ្យទៅសមត្ថកិច្ច។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យដែលឆក់ទូរស័ព្ទគេ មានឈ្មោះផល ផានិត អាយុ២២ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់នៅឃ្លាំង DK ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ចំណែកម្ចាស់ទូរស័ព្ទ មានឈ្មោះហ៊ាម គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខយាមនៅឃ្លាំង DK ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិខ្វាវ ឃុំព្រៃប្រសិទ្ធ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសរយះក្បាល)។

តាមសម្តីភាគីម្ចាស់ទូរស័ព្ទ បានឱ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលខ្លួនកំពុងនៅកន្លែងលក់ខោអាវរបស់ម្តាយតាមផ្លូវជាតិលេខ៤ ជនសង្ស័យបានដើរមកសុំខ្ចីទូរស័ព្ទរបស់ខ្លួនខលទៅរកសង្សារ តែខ្លួនជាម្ចាស់ទូរស័ព្ទមិនទាន់ថាឱ្យផង។

ប្រភពបានបន្តថា ភ្លាមនោះស្រាប់តែជនសង្ស័យឆក់ទូរស័ព្ទពីដៃរត់គេច ទើបខ្លួនបានដេញតាម រហូតដល់ដីវាលក្រោយរោងចក្របឺរី ស្រាប់តែជនសង្ស័យរើសបានដុំថ្មគប់មកលើរូបគេ បណ្តាលឱ្យបែកក្បាលតែម្តង ទើបរូបគេស្រែកឆោឡោផ្អើលប្រជាពលរដ្ឋចេញមកជួយចាប់ឃាត់វាយមួយដៃមួយជើងរួចប្រគល់ឱ្យសមត្ថកិច្ច។

ចំណែកជនសង្ស័យវិញ បានឱ្យដឹងថា តាមពិតទៅម្ចាស់ទូរស័ព្ទបានជំពាក់លុយរូបគេចំនួន៤០ដុល្លារ តែម្ចាស់ទូរស័ព្ទអត់លុយសង ទើបរូបគេបបួលនាំដើរចេញពីកន្លែងលក់ខោអាវ រួចយកទូរស័ព្ទ iPhone 6 plus តែម្តង។

ដោយឡែក តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពីជនបង្កវាយគប់លើម្ចាស់ទូរស័ព្ទបែកក្បាលហើយ ជនរងគ្រោះបានស្រែកឱ្យជួយ ទើបផ្អើលនាំគ្នាចេញជួយចាប់ ស្រាប់តែត្រូវជនសង្ស័យស្រែកគំរាមកាប់លើប្រជាពលរដ្ឋទៅវិញ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងព័ទ្ធចាប់វាយម្នាក់១ដៃ១ជើង រួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ តាមបណ្តឹងភាគីរងគ្រោះ៕

RELATED ARTICLES