Monday, November 24, 2025
Homeព័ត៌មានជាតិឯកឧត្តមណឹម សុវត្ថិ ចាត់ទុកក្រុមអ្នករិះគន់ក្រដាសប្រាក់១មុឺន៥ពាន់រៀល ថាជាល្អងធូលី

ឯកឧត្តមណឹម សុវត្ថិ ចាត់ទុកក្រុមអ្នករិះគន់ក្រដាសប្រាក់១មុឺន៥ពាន់រៀល ថាជាល្អងធូលី

ភ្នំពេញ ៖ ​បន្ទាប់ពីរដ្ឋាភិបាលសម្រេចចេញក្រដាសប្រាក់១មុឺន៥ពាន់រៀល ដើម្បីអបអរគម្រប់ខួប១៥ព្រះវស្សានៃការ​យាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត នាពេលខាងមុខ ដែលក្នុងក្រដាសប្រាក់ថ្មីនេះមានរូបវិមានឈ្នះឈ្នះផងនោះ ស្រាប់តែមានក្រុមមួយក្តាប់តូចបានធ្វើការរិះគន់ ប៉ុន្តែនៅពេលនេះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចាត់ទុកក្រុមទាំងនោះជាល្អងធូលីប៉ុណ្ណោះ។

ថ្លែងក្នុង​សន្និសីទ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក​នៃអគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការ​បរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ​បានចាត់ទុក​​ក្រុម​អ្នករិះគន់រូបវិមានឈ្នះឈ្នះ ក្នុងក្រដាសប្រាក់១ម៉ឺន៥ពាន់រៀលថា ជាល្អងធូលី ​ដែលបានខ្យល់បក់​មួយភ្លែតហើយបាត់ទៅវិញ គ្មានស្រមោល​ ខណៈវិមានឈ្នះ ឈ្នះត្រូវបានចាត់ទុកជានិមិត្តសញ្ញា​ដ៏ធំមួយសម្រាប់ប្រទេសជាតិ និងជាសំណង់ដែលតំណាងឲ្យសន្តិភាពហើយនោះ។

ឯកឧត្តមណឹម សុវត្ថិ បានបន្ថែមថា ​វាគ្មានអ្វីចំឡែកនោះទេដែលក្រុមអ្នកប្រឆាំង​បានធ្វើការរិះគន់នូវសមិទ្ធ​​ដែល​​រាជរដ្ឋាភិបាល​ខិតខំធ្វើនិងកសាងមក ហើយក្រុមទាំងនោះក៏ពួកគេកំពុងសប្បាយ​និងដកដង្ហើមនៅក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះដែរ។

យ៉ាងណាក៏ដោយឯកឧត្តមណឹម សុវត្ថិ បានថ្លែងចាត់ទុកថា​​ ការរិះគន់ទាំងនោះ​គឺវាប្រៀបបានដូចជាល្អងធូលីដ៏តូចមួយដែលខ្យល់បក់មួយភ្លែតយ៉ាងដូច្នេះដែរ ហើយគ្មាន​​ហេតុផល​ណាមួយដែលត្រូវប្រកាន់ពួកអ្នកទាំងនោះឡើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ព្រះបាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡើងគ្រងរាជ្យសម្បត្តិបានចំនួន១៥ព្រះវស្សាហើយ៕

RELATED ARTICLES