ភ្នំពេញ ៖ បុរសជាអ្នកបកប្រែភាសាចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៦ ផ្ទះលេខ២១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
បុរសរងគ្រោះខាងលើ មានឈ្មោះកាន់ យ៉ាវ អាយុ៥៣ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ហើយចូលសម្រាកនៅក្នុងបន្ទប់របស់ខ្លួនដូចសព្វដង។
លុះដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានក្មួយរបស់ជនរងគ្រោះម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការឃើញបន្ទប់ជួលរបស់ជនរងគ្រោះនៅបើកទ្វារចំហរ ទើបអើតទៅសួរនាំថា “ថ្មើរហ្នឹងហើយ ពូមិនទាន់ដេកទៀត” ពេលនោះជនរងគ្រោះបានឆ្លើយតបវិញថា “ពូមិនទាន់ដេកទេ” បន្ទាប់មកក្មួយរបស់ជនរងគ្រោះក៏បានដើរទៅដេកនៅបន្ទប់របស់ខ្លួនបាត់ទៅ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល ដោយសារតែមិនទាន់ឃើញជនរងគ្រោះមកយកម៉ូតូជិះទៅធ្វើការដូចសព្វដង ទើបម្ចាស់ផ្ទះជួលនឹកឆ្ងល់ក៏ដើរទៅបើកបន្ទប់ជនរងគ្រោះមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យចុះទៅជួយពិនិត្យមើល។
ក្រោយត្រួតពិនិត្យកោសល្យវិច័យ ក្រុមកម្លាំងជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕