មន្ត្រីនគរបាលមួយរូបត្រូវបានឃាតករដើរចូលបាញ់១គ្រាប់ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងហាងកាហ្វេមួយកន្លែង ទល់មុខភោជនីដ្ឋាន៧៧ ក្បែរផ្សារទំនើបសុីត្រាភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ជនរងគ្រោះមានឈ្មោះ ផន ទុំ អាយុ៣០ឆ្នាំ ជាមន្រ្តីនគរបាលមានតួនាទីជានាយរងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី ឋានៈអនុសេនីយ៍ឯក។
ចំណែកជនសង្ស័យមានឈ្មោះ នួន មករា ជាមន្រ្តីនៅស្នងការនគរបាលខេត្តរតនគិរី។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងផឹកកាហ្វេស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក Nissan Frontierស្លាកលេខភ្នំពេញ 2N-5011 បើកមកឈប់ពីមុខហាងកាហ្វេ រួចហើយមានបុរសម្នាក់ដើរចេញពីរថយន្តនោះមកសំដៅ ក្បែរជនរងគ្រោះ រួចបានដកកាំភ្លើងខ្លី K59 ចាញ់ក្បាលធ្លាក់ពីកៅអីប្រកាច់។

ប្រភពបានបន្ថែមថា ភ្លាមៗនោះ អ្នកនៅក្បែរកន្លែងកើតហេតុបានខលរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ចំណែកលោកមេបញ្ជាការក្រុងបានលុង ហៃ វណ្ណរ៉ា បានប្រាប់ថា ករណីនេះបាញ់សម្លាប់នាយរងព្រហ្មទណ្ឌកំរិតស្រាលខាងលើ គឺជារឿងគំនុំផ្ទាល់ខ្លួន ។

លោកមេបញ្ជាការបាន បន្ថែមថា ក្រោយពេលទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំចុះចាប់ខ្លួនជនសង្ស័យដល់ រមណីយដ្ឋានបឹងយក្ខឡោម រួចនាំមកស្នងការនគរបាលខេត្ត ដើម្បីសាកសួរ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ជនសង្ស័យ ដែលបានប្រើឈ្មោះថា “Jan Jory” បានបង្ហោះសារកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ថា ” ហ្ហែងឃេីញអញមិនមាត់ ហ្ហែងគិតថាអញគរមែន ហ្ហែងឃេីញអញនៅស្ងៀមនឹង ហ្ហែងគិតថាអញខ្លាចហ្ហែងមែន ចាំអញគរ ហេីយអញខ្លាចអោយ ហ្ហែងមេីល…………….to be continue “។

ដោយឡែក នៅព្រឹកនេះវិញ ពោលគឺមុនពេលបាញ់សម្លាប់ជនរងគ្រោះ ជនសង្ស័យបានបង្ហោះសារថា “សូមទោសម៉ាក់”៕
