ខេត្តព្រះវិហារ ៖ ជនសង្ស័យល្មោភកាមម្នាក់បានធ្វើសកម្មភាពលួងលោមផងនិងគំរាមរំលោភសេពសន្ថវៈទៅលើនារីវ័យក្មេង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា អស់រយៈពេលជាច្រើនខែមកហើយ លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវក្រុមគ្រួសារនារីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់អូសកប្រុសល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។
ករណីលួងលោមនិងគំរាមរំលោភខាងលើនេះ បានកើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចលើផ្ទះរបស់យុវតីរងគ្រោះទាំង២នាក់បងប្អូន ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។

លុះមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ុយ វិទូ អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកនារីរងគ្រោះទាំង២នាក់បងប្អូនបង្កើត រួមមាន ទី១-ឈ្មោះ ឈ.ស.ល អាយុ១៩ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះឈ.ស.ល អាយុ១៦ឆ្នាំ មុខរបរកសិករ។ យុវតីរងគ្រោះទាំង២នាក់បងប្អូន មាន លំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ថា ករណីលួងលោមនិងគំរាមរំលោភខាងលើនេះ បានកើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០១៩មកម៉្លេះ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយដឹងដល់ម្តាយយុវតីរងគ្រោះ ទើបឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ុយ វិទូ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នាំយកមកសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕