Monday, November 24, 2025
Homeព័ត៌មានជាតិធ្វើរឿងដដែលៗពេក... ម្តាយសុខចិត្តខ្មាសគេប៉ុណ្ណឹងចុះ

ធ្វើរឿងដដែលៗពេក… ម្តាយសុខចិត្តខ្មាសគេប៉ុណ្ណឹងចុះ

ភ្នំពេញ ៖ បុរសម្នាក់ជាមនុស្សញៀនថ្នាំដែលតែងតែបង្កការអុកឡុកនៅក្នុងក្រុមគ្រួសារ ទាំងពេលត្រូវការទាមទាររកលុយយកទៅទិញថ្នាំញៀនប្រើប្រាស់និងពេលប្រើរួចរករឿងរំខានដល់អ្នកក្បែរខាងថែមទៀត លុះទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ២៥A ផ្លូវលំ ក្នុងក្រុមទី៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានថា បុរសដែលត្រូវក្រុមគ្រួសារប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍នេះ ឈ្មោះទិត្យ ទុំ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងបន្ទុកគ្រួសារ នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមអ្នកក្បែរខាងនិយាយថា បុរសដែលម្តាយទ្រាំលែងបានប្តឹងឱ្យប៉ូលិសចាប់ខ្លួននេះ មិនមានធ្វើការរកស៊ីអ្វីក្រៅពីបង្កការអុកឡុកដល់ក្រុមគ្រួសារទារលុយយកទៅប្រើប្រាស់គ្រឿងញៀននោះទេ ប្រសិនបើទារអត់បានគឺគេរករឿងប្រើហិង្សាវ៉ៃបំផ្លាញទ្រព្យរបស់ក្នុងផ្ទះ ហើយពេលបានលុយយកទៅសេពថ្នាំញៀនរួច ក៏មករករឿងឡូឡាផ្អើលអ្នកក្បែរខាងស្ទើរមិនលស់ថ្ងៃ។

ដោយសារតែទង្វើដដែលៗរហូតដល់ទ្រាំលែងបាន ទើបក្រុមគ្រួសារប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍តែម្តង ទើបនៅព្រឹកថ្ងៃទី២ ខែតុលា កម្លាំងជំនាញបានចុះទៅនាំខ្លួនយកទៅសាកសួរ ហើយជននេះបានសារភាពចំពោះមុខសមត្ថកិច្ចថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀនយូរមកហើយ និងតែងតែបង្កការអុកឡុកក្នុងក្រុមគ្រួសារ និងរំខានដល់ការរស់នៅរបស់អ្នកក្បែរខាងជាញឹកញាប់មែន។

បន្ទាប់ពីទទួលបានចម្លើយសារភាពបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

RELATED ARTICLES