Monday, November 24, 2025
Homeព័ត៌មានជាតិភ្លេចមើលមុខមើលក្រោយ... គ្រួសារបានត្រឹមសោកស្តាយអាឡោះអាល័យ

ភ្លេចមើលមុខមើលក្រោយ… គ្រួសារបានត្រឹមសោកស្តាយអាឡោះអាល័យ

ខេត្តកំពង់ចាម ៖ កុមារាម្នាក់សប្បាយរត់លេងភ្លេចខ្លួនហើយរអិលជើងធ្លាក់ពីលើទំនប់ទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវអាណាព្យាបាលស្រង់យកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ បានទទួលព័ត៌មានពីលោកមេភូមិទី១២ ថា នៅថ្ងៃខែឆ្នាំខាងលើនេះ វេលាម៉ោងប្រហែល៨ព្រឹក នៅចំណុចជើងទំនប់សំរោង ស្ថិតក្នុងភូមិទី១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានករណីកុមារាម្នាក់បានរអិលជើងធ្លាក់ទឹកប្រឡាយលង់ស្លាប់ដោយខ្លួនឯងនៅចំណុចកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា សពកុមារារងគ្រោះឈ្មោះឌូង បុរី ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម នៅភូមិទី១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប៉ូលិសបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព តែសពត្រូវបានក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋស្រង់យកមកផ្ទះមុនពេលសមត្ថកិច្ចទៅដល់។

សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យសព ដោយមានការចូលរួមពីប្រធានមណ្ឌលសុខភាព លោកមេភូមិ និងក្រុមប្រឹក្សា ឃុំ។

ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យ សាកសពនៅផ្នែកក្បាល ដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីដែលគួរឱ្យសង្ស័យទៅលើករណីផ្សេងនោះទេ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលលង់ទឹកស្លាប់ គេឃើញកុមារារងគ្រោះបានរត់លេងលើទំនប់កន្លែងកើតហេតុ ហើយក៏រអិលដួលធ្លាក់ចូលទឹកលង់ទឹកស្លាប់តែម្តង។

ផ្អែកតាមការធ្វើកោសល្យវិច័យ និងតាមការបំភ្លឺរបស់គ្រួសារសព និងសាក្សី សមត្ថកិច្ចបានសន្និដ្ឋានថា សពកុមារាឈ្មោះឌូង បុរី ពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។

សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES