ខេត្តកំពត ៖ ស្ត្រីមេម៉ាយម្នាក់កំពុងដេកលង់លក់នៅក្នុងផ្ទះតែម្នាក់ឯង ក៏ស្រាប់តែត្រូវជនដៃដល់មិនស្គាល់មុខបានធ្វើសកម្មភាពលបចូលក្នុងផ្ទះ រួចប្រើពូថៅវាយសំពងរហូតដល់ស្លាប់ប្លន់យកមាស និងលុយកាក់អស់គ្មានសល់ ដោយគ្មានអ្នកណាម្នាក់បានដឹងសោះឡើយ។
រហូតដល់ព្រឹកឡើង អ្នកជិតខាងនឹកឆ្ងល់មិនឃើញស្ត្រីរងគ្រោះចេញពីផ្ទះក៏ទៅអើតមើល ទើបដឹងថា ស្ត្រីរងគ្រោះត្រូវគេវាយសម្លាប់ក្នុងផ្ទះយ៉ាងអាណោចអធ័ម។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់។
រហូតមកដល់វេលាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ទើបមានការផ្អើលឆោឡោឡើង បន្ទាប់ពីអ្នកជិតខាងបានទៅអើតមើលឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងផ្ទះ។
ស្ត្រីរងគ្រោះដែលត្រូវជនមិនស្គាល់មុខវាយសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះសៅ ខេន អាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅតែម្នាក់ឯង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើត្រូវបានជនមិនស្គាល់មុខប្លន់សម្លាប់តាំងពីកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩មកម៉្លេះ តែពុំមាននរណាម្នាក់បានដឹងសោះឡើយ។
រហូតមកដល់ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានអ្នកជិតខាងបានទៅអើតមើលផ្ទះរបស់ស្ត្រីរងគ្រោះ ស្រាប់តែមានការផ្អើលឆោឡោថា ស្ត្រីរងគ្រោះត្រូវគេវាយសម្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

លោកវរសេនីយ៍ឯក ហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់នឹងពូថៅ ខណៈដែលស្ត្រីរងគ្រោះគឺជាស្ត្រីមេម៉ាយដេកតែម្នាក់ឯង។ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះបានបាត់ខ្សែកមាសទំងន់៣ជី៥ហ៊ុន និងលុយចំនួន៥០ម៉ឺនរៀល។

យ៉ាងណាក្តី ករណីឃាតកម្មប្លន់សម្លាប់ដ៏ព្រៃផ្សៃខាងលើនេះកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករនាំយកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែក សាកសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕