ខេត្តសៀមរាប ៖ នារីវ័យក្មេងរូបស្រស់ម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងក្រុមទី១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នារីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះ គង់ ចិន្ត្រា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរស្បែកជើងបោះដុំ ស្នាក់នៅបន្ទប់ជួលលេខ៧ កន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគៀត ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានករណីនារីវ័យក្មេងម្នាក់បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅក្នុងបន្ទប់ជួលរបស់នាង។
លុះទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋានក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់ខាងជំនាញឱ្យចុះមកពិនិត្យជាក់ស្តែង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្នាមរឹតត្រង់បំពង់កដោយរឹតជាមួយនឹងកន្សែង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីដែលគួរឱ្យសង្ស័យពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។

តាមការសន្និដ្ឋាន នារីរងគ្រោះខាងលើពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើកន្សែងចងកជាប់នឹងធ្នឹមបង្អួចក្នុងបន្ទប់។
ចំណែកមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
បច្ចុប្បន្ន សាកសពត្រួវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។/